ស្ត្រីម្នាក់ដែលទើបនឹងរៀបការប្តីបាន៦ខែ តែក្រោយពីរស់នៅបែកឆ្ងាយគ្នាមួយរយៈបែរជាបាត់ខ្លួនចេញពីផ្ទះអស់៥ថ្ងៃយ៉ាងអាថ៌កំបាំង ធ្វើឱ្យប្តីនិងឪពុកក្មេកនាំគ្នាតាមស្វែងរកឡើងវិលក្បុងនោះ ពេលនេះទទួលបានដំណឹងហើយ ដោយស្ត្រីរូបនោះបានទូរស័ព្ទប្រាប់ម្តាយបង្កើតរបស់នាងថា នាងកំពុងរួមរស់ជាមួយប្រុសស្នេហ៍ថ្មីហើយនិងផ្តាំប្រាប់ប្តីថា មិនបាច់អាឡោះអាល័យនាងទៀតឡើយ ធ្វើឱ្យបុរសជាប្តីស្ទើរក្អួតឈាម ខណៈដែលស្តាប់សម្តីផ្តែផ្តាំដ៏សែនឈឺចាប់របស់ប្រពន្ធ។

ស្ត្រីដែលបាត់ខ្លួន មានឈ្មោះថន ដាវី អាយុ ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ចំណែកបុរសជាប្តីមានឈ្មោះឈាត ឆើត អាយុ២០ឆ្នាំ មុខរបរកម្មករអគ្គិសនី ធ្វើការនិងស្នាក់នៅខេត្តព្រះសីហនុ។ ប្តីប្រពន្ធមួយគូនេះ មានស្រុកកំណើតនៅភូមិធ្លក ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាមួយគ្នា និងត្រូវជាបងប្អូនជីដូនមួយនឹងគ្នាទៀតផង។

តាមសម្តីបុរសឈ្មោះឈួន ឈាត អាយុ៤០ឆ្នាំ ត្រូវជាជាឪពុកក្មេករបស់ស្ត្រីដែលបាត់ខ្លួនបានឱ្យដឹងថា កូនប្រសាស្រីរបស់គាត់ដែលបាត់ខ្លួនប៉ុន្មានថ្ងៃមកនេះ ឥឡូវគាត់បានទទួលដំណឹងហើយគឺនាងបានទូរស័ព្ទប្រាប់ម្តាយបង្កើតរបស់នាង កាលពីល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា កុំឱ្យបារម្ភ ហើយម្តាយក៏បានយកដំណឹងនេះមកប្រាប់គាត់ជាដន្លងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

បុរសជាឪពុកក្មេកបានបន្តថា កូនប្រសាស្រីរបស់គាត់ដែលបានបាត់ខ្លួននោះ គឺបានវេចបង្វេចចុះចោលផ្ទះរត់តាមប្រុសថ្មីបាត់ទៅហើយ។ នៅមុនពេលបាត់ខ្លួនដោយមានបាត់បង្វេចខោអាវ ហើយគាត់ក៏មានការសង្ស័យដែរ តែមិនហ៊ាននិយាយ។ឪពុកក្មេកបានបន្តទៀតថា ចំពោះរឿងហេតុបែបនេះ គាត់នឹងទាមទារប្រាក់បណ្ណាការចំនួន១៦០០ ដុល្លារ ព្រោះទើបតែរៀបការថ្មី ស្រាប់តែខាងស្រីរត់ចោលប្តីបាត់។ យ៉ាងណាគាត់មិនទាន់ដឹងថា ក្រុមគ្រួសារខាងស្រី ដែលត្រូវជាបងប្អូនដីដូនមួយនឹងគ្នា គិតយ៉ាងណានោះទេចំពោះរឿងនេះ។

ចំណែកបុរសអភ័ព្វដែលត្រូវប្រពន្ធរត់ចោល បានបញ្ជាក់ប្រាប់ទាំងឈឺចាប់ថា គាត់សង្ស័យថា ប្រពន្ធរបស់គាត់បានស្រលាញ់គ្នាជាមួយបុរសម្នាក់នោះតាំងពីមុនពេលរៀបការជាមួយគាត់ម៉្លេះ ទើបបានជាអំឡុងពេលពួកគាត់រស់នៅឃ្លាតឆ្ងាយគ្នា នាងក៏បែកគំនិតវេចបង្វេចរត់តាមប្រុសស្នេហ៍បែបនេះ។

បុរសជាប្តី បានបញ្ជាក់ថា “បើអូនស្រលាញ់គេហើយ ហេតុអីក៏មករៀបការជាមួយបងធ្វើអ្វី?។ រៀបការបាន៦ខែហេតុអីអូនប្រាប់ម៉ែថារត់តាមប្រុសទៅវិញ? តើបងខុសអីបានជាអូនរត់ចោលបងបែបនេះ ឬមួយបងក្រ គេមានលុយ? មួយរយៈពេលដែលយើងរស់នៅជាមួយគ្នាល្អូកល្អិនណាស់ ហេតុអ្វីក៏អូនទៅដោយមិនអាឡោះអាល័យ បងមិនអស់ចិត្តសោះ…”។

គួរបញ្ជាក់ថា ប្តីប្រពន្ធខាងលើនេះ ទើបនឹងរៀបការជាមួយគ្នាកាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។ បន្ទាប់ពីរៀបការួចហើយពួកគេបាននាំគ្នាមកស្នាក់នៅបន្ទប់ជួល ក្នុងភូមិ ទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីប្រកបរបររកស៊ីរៀងខ្លួន ដោយពួកគេមានជំនាញខុសគ្នាក្នុងនោះខាងប្រុស (ប្តី) ជាកម្មកររាយខ្សែភ្លើង ចំណែកកូនប្រសាស្រី (ប្រពន្ធ) ធ្វើការជាកម្មការិនីរោងចក្រ។

តាមសម្តីបុរសជាឪពុកក្មេកបានឱ្យដឹងថា នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ កូនប្រសាស្រីបានចេញពីបន្ទប់ជួលទៅធ្វើការដូចរាល់ដង តែក្រោយមកគាត់ក៏បានទទួលដំណឹងថា កូនប្រសាស្រីគាត់មិនចូលរោងចក្រទេ មិនដឹងថានាងទៅណាជាមួយអ្នកណានោះទេ ដោយមានអ្នកធ្វើការជាមួយកូនប្រសាស្រីរបស់គាត់ ស្គាល់លេខប្តីបានទាក់ទងសួររកនាង លុះប្តីថាមិនដឹង ទើបឆោ- ឡោដឹងថា កូនប្រសាស្រីនេះបាត់ខ្លួនតែម្តង។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed