កុមារប្រមាណ៤០នាក់ ជាសិស្សនៅសាលាបឋមសិក្សាអូរស្លែវ ស្ថិតនៅភូមិអូរស្លែវ ឃុំអូរតាវៅ ក្រុងប៉ៃលិន បានសំពះសុំសប្បុរសជននិងថ្នាក់ដឹកនាំមេត្តាជួយជាជញ្ជាំង បាំងសាលាដែលបាក់បែកធ្លុះធ្លាយ របស់ពួកគេផង ព្រោះពួកគេរងាណាស់នៅក្នុងខែរងា ធ្លាក់ខ្យល់ពីជើងនេះ ដោយពួកគេសរសេរនៅលើបដាថា “ខ្ញុំចង់បានសាលារៀនថ្មី”។​

លោកកែវ និមិត្ត បុគ្គលិកក្រុមហ៊ុនឡូជីស្ទិក ដែលបានចុះទៅដល់សាលាអត់ជញ្ជាំងខាងលើផ្ទាល់ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ថា “អាណិតណាស់ សិស្សសាលាបឋមសិក្សាអូរស្លែវ ប្រមាណ៤០នាក់ កំពុងតែខ្វះខាតសាលារៀន ប្អូនៗតស៊ូ រៀនទាំងក្តៅទាំងរងា និងមានការភ័យខ្លាចពេលមានភ្លៀងម្តងៗ ព្រោះសាលាអត់ជញ្ជាំងនិងដំបូលរហែក សូមសប្បុរសជនជួយសម្រេចបំណងពួកគាត់ផង ដើម្បីឱ្យពួកគាត់មានចំណេះដឹង និងអនាគតល្អ សាលាស្ថិត នៅភូមិអូរស្លែវ សង្កាត់អូរតាវៅ ខេត្តប៉ៃលិន”។​

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកកែវ និមិត្ត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ថា ឥឡូវនេះដើម្បីបំពេញការខ្វះខាត និងចង់ផ្តល់ភាពកក់ក្តៅដល់សិស្សទាំងនោះខ្លះ ក្រុមរបស់លោកកំពុងរៃអង្គាសប្រាក់គ្នាយកទៅសង់ជាអគារអំពីឈើមាន២បន្ទប់ ជាបណ្តោះអាសន្ន ប៉ុន្តែបើសិនជារាជរដ្ឋាភិបាលបានឃើញ ហើយបានផ្តល់ជាអគារថ្ម១ខ្នង មានបីបួនបន្ទប់ ពិតជាទូលាយ និងជាក្តីរីករាយសម្រាប់សិស្សទាំងនោះណាស់។​

លោកកែវ និមិត្ត បានមានប្រសាសន៍ថា “បាទ! សាលាហ្នឹងនៅក្នុងរួបភាពយ៉ាងម៉េច វាអ៊ីចឹង គឺនិយាយដូចដែលខ្ញុំសម្ភាសន៍អ៊ីចឹង នៅក្នុងរូបភាពហ្នឹង គឺក្មេងៗថាពេលដែលភ្លៀងមកសាច ពួកគេរៀនអត់កើត ហើយគាត់ខ្លាចអត់ហ៊ាននៅ ពេលក្តៅវាក្តៅ។

នៅក្នុងសាលាហ្នឹង មានគ្រូបួននាក់ជាគ្រូនៅក្នុងក្របខ័ណ្ឌរបស់ខេត្តបាត់ដំបង គឺតំបន់ហ្នឹង អ្នកស្រុកភូមិ ហៅថា ប៉ៃលិន ប៉ុន្តែនៅក្នុងផ្លូវច្បាប់ជាខេត្តបាត់ដំបង នៅខាងសំឡូត។​

គ្រូទាំងនោះ សំណូមពរដូចក្មេងៗសំណូមពរអ៊ីចឹង ពួកគាត់ចង់បានសាលារៀនថ្មីសមរម្យ គាត់មិនប្រាថ្នាសាលាថ្មក្បឿងអីទេ អ្វីក៏ដោយឱ្យតែបានធំទូលាយជាងហ្នឹងបន្តិចទៅ។ ឥឡូវហ្នឹងខ្ញុំកំពុងតែរៃអង្គាសមានបងប្អូនយើងចូលបណ្តើរៗខ្លះ មកហើយ។

ពួកខ្ញុំធ្វើថ្មីតែម្តង អត់ជួសជុលទេ ធ្វើថ្មីតាមលទ្ធភាពអាចធ្វើបាន តែបើជាអគារថ្ម ពួកយើងអត់មានលទ្ធភាព ទី១-អគារថ្ម ក៏ពិបាកដឹកជញ្ជូនទៅតំបន់ហ្នឹងដែរ ព្រោះវាឆ្ងាយ ហើយនៅក្នុងតំបន់ហ្នឹង ឡានទៅអត់កើតទេ គឺយើងប្រើគោយន្ត ឬក៏រថយន្តអ្នកស្រុកហ្នឹងកែច្នៃ”។​

លោកកែវ និមិត្ត បន្តថា “ទោះយ៉ាងណា បើសិនជាមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផ្តល់ជាអគារថ្មនេះជាគោលបំណងដែលពួកយើងចង់បាន ព្រោះសាលានេះ គ្រូប្រាប់ថា ពីមុនឡើយរៀនតាំងពីក្រោមដើមឈើរហូតដល់មានសាលាជញ្ជាំងបាំងខ្យល់ ដំបូលធ្លុះធ្លាយនេះ។

ដូច្នេះជារួម ដូចខ្ញុំនិយាយខាងដើម បើបានអគារមួយខ្នងហើយ គឺវាអស់បញ្ហាសម្រាប់ក្មេងៗហើយ គឺមួយខ្នងហ្នឹង បើយើងយកបួនបន្ទប់ វាសមហើយ ដោយមួយបន្ទប់ទៅយើងទុកសម្ភារៈ ឬក៏គ្រូធ្វើកិច្ចការអីផ្សេងៗទៅ បីបន្ទប់ សម្រាប់ក្មេងរៀនទៅ ប៉ុន្តែពួកខ្ញុំធ្វើគម្រោងសង់តែមួយអគារហ្នឹង ពីរបន្ទប់ទេ ដោយសារខ្ញុំធ្លាប់ធ្វើកន្លងមករៃអង្គាសកន្លងមក”៕​

អត្ថបទ៖ នគរធំ

By admin

Leave a Reply

Your email address will not be published. Required fields are marked *