លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានទទួលស្គាល់អំពីការបិទសណ្ឋាគារធំមួយចំនួន ដូចជាសណ្ឋាគារ The Great Duke នៅរាជធានីភ្នំពេញ និងសណ្ឋាគាអប្សរាអង្គរ នៅខេត្តសៀមរាប ដែលបានជូនដំណឹងពីការផ្អាកអាជីវកម្ម។
លោក តុប សុភ័ក បានបញ្ជាក់ថា ការបិទទ្វារនេះ គឺបណ្ដាលមកពីបញ្ហាផ្ទាល់នៃក្រុមហ៊ុនរកស៊ីទាំងនោះ មិនពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលឡើយ។ ជាមួយនេះ លោក ក៏បានទទួលស្គាល់ពីការធ្លាក់ចុះភ្ញៀវទេសចរនៅខេត្តសៀមរាប ប៉ុន្តែសម្រាប់ភ្ញៀវទេសចរនៅទូទាំងប្រទេស នៅតែមានចំនួនថេរដដែល។
អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ថា លោកមិនបានដឹងឡើយនៃកាក្ស័យធន់នៃសណ្ឋាគារ និងអ្នករកស៊ីខាងវិស័យទេសចរណ៍ដែលបានបិទទ្វារ ឫផ្អាកអាជីវកម្មបណ្តោះអាសន្ន គឺខាងក្រសួងទេសចរណ៍ មិនទទួលបានលិខិតស្ដីពីការបិទអាជីវកម្មទាំងនោះទេ។
ដោយឡែក បើតាមអ្នកឃ្លាំមើលស្ថានភាពនៃការធ្លាក់ចុះភ្ញៀវទេសចរនៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាប បានឱ្យដឹងថា តួលេខនៃការផ្អាកដំណើរការសណ្ឋាគារទាំងធំនិងតូច អាចមានមានចំនួនច្រើនជាងអ្វីដែលសាធារណៈជនបានដឹង និងបានផ្សព្វផ្សាយនៅតាមបណ្ដាញសារព័ត៏មាន ដោយសារតែសណ្ឋាគាមួយចំនួន មិនបានប្រកាសជាសធារណៈ។
សូមបញ្ជាក់ថា ការធ្លាក់ចុះភ្ញៀវទេសចរនៅខេត្តសៀមរាប មិនត្រឹមតែប៉ះពាល់ដល់អ្នករកទទួលទានធំៗនោះទេ ប៉ុន្តែអ្នករកទទួលទានតូចតាច កាន់តែប៉ះពាល់ខ្លាំង ដោយសារតែពួកគេពឹងតែមួយមុខគត់ គឺរកទទួលទានតែជាមួយភ្ញៀវទេសចរតែប៉ុណ្ណោះ៕
អត្ថបទ៖ clicknews