នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទងនឹងការផ្សាយរបស់អង្គភាព Swift News ដែលមានចំណងជើងថា៖ «មហាជនរិះគន់ស្នងការនគរបាលខេត្តកំពង់ឆ្នាំងថា ហៅអ្នករកស៊ី និងឈ្មួញធំៗ ពិសាបាយសាមគ្គី ដើម្បីសុំលុយ»។
សេចក្តីបំភ្លឺនេះ មិនត្រូវបានផ្ញើមកកាន់អង្គភាពព័ត៌មាន Swift News ទេ ក៏ប៉ុន្តែបានផ្សាយនៅលើទំព័រហ្វេសប៊ុកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយមានភ្ជាប់នូវអត្ថបទ Swift News ដែលចេញផ្សាយ កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
ក្នុងលិខិតចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដែលមានត្រាស្នងការនគរបាលខេត្តកំពង់ឆ្នាំងផងនោះ បានបញ្ជាក់បំភ្លឺបន្ថែមថា៖ ស្នងការខេត្តកំពង់ឆ្នាំង ពិតជាបានរៀបចំ «ការពិសាអាហារសាមគ្គីកៀរគររកថវិកា ដើម្បីពង្រីកការកែលម្អ និងបំពាក់គ្រឿងសង្ហារឹម នៅក្នុងសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្ត ឲ្យធំទូលាយ និងមានសោភណភាពល្អ»។
នៅក្នុងសេចក្តីបំភ្លឺនេះដែរ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ «ការអញ្ជើញភ្ញៀវ មិនមែនអញ្ជើញតែអាជីវករ និងឈ្មួញធំៗនោះទេ គឺបានអញ្ជើញទាំងកងកម្លាំងនគរបាលក្រោមឱវាទ មិត្តភក្តិ និងថ្នាក់ដឹកនាំខេត្ត ដើម្បីចូលរួមពិសាអាហារសាមគ្គី» ថែមទៀតផង។
លិខិតបំភ្លឺដដែលក៏បានលាតត្រដាងបន្ថែមថា កម្មវិធីជប់ លៀងអញ្ជើញភ្ញៀវចូលរួមពិសាបាយសាមគ្គី ដើម្បីសុំលុយនេះ មិនមែនទើបតែធ្វើម្តងនេះទេ គឺធ្លាប់ធ្វើម្តងរួចមកហើយ ដោយកៀរគរបានលុយយកទៅចំណាយលើការចាក់អ៊ុតកៅស៊ូ AC នៅក្នុងស្នងការដ្ឋាននគរបាលខេត្តដោយចំណាយទឹកប្រាក់អស់ជិត២០ម៉ឺនដុល្លារ, ទិញរថយន្តថ្មីបំពាក់ស៊ីរ៉ែនដាក់អង្គភាពចំនួន២គ្រឿង និងម៉ូតូធំ១១គ្រឿង។
លិខិតបានបញ្ជាក់ទៀតថា៖ «បច្ចុប្បន្ន លោកកំពុងតែកៀរគរសប្បុរសជន ដែលជាប្រធានសមាគមមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីពិនិត្យ និងជួយសាងសង់អគារអធិការដ្ឋាននគរបាលស្រុកចំនួន០៥ និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៣២ប៉ុស្តិ៍ ដើម្បីជាប្រយោជន៍រួមរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង»៕
អត្ថបទ៖ swiftnews