មន្ត្រីជំនាញក្រសួងសុខាភិបាល អះអាងថា ការពាក់ម៉ាស់មិនស្របតាមក្បួនបច្ចេកទេសត្រឹមត្រូវ គឺវាងាយបង្កអត្រាឆ្លងជំងឺ និងមេរោគនានា នៅតាមរន្ធច្រមុះ និងផ្លូវដង្ហើមរបស់យើង ច្រើនជាងការមិនពាក់ម៉ាស់។
បើតាមលោកស្រីវេជ្ជបណ្ឌិត តេង ស្រី ប្រធាននាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាល បានថ្លែងប្រាប់BTV បន្ថែមនៅថ្ងៃទី១០ ខែកុម្ភៈនេះ ថា ការពាក់ម៉ាស់ត្រឹមត្រូវបានតាមបច្ចេកទេស ដំបូងយើងគួរត្រូវលាងដៃអោយស្អាតនឹងសាប៊ូ រួចហើយទើបយកម៉ាស់មកពាក់ ហើយនៅពេលដែលពាក់គឺត្រូវប្រាកដថា ម៉ាស់នោះ គឺបាំងជិតមាត់ និងច្រមុះរបស់យើង នៅកន្លែងដែលមិនមានសុវត្ថិភាព ហើយម៉ាស់ ដែលបានពាក់ម្តងហើយសូមយកវាបោះចោលនៅកន្លែងដែលមានសុវត្ថិភាព។
អ្នកស្រីវេជ្ជបណ្ឌិត តេង ស្រី បន្តថា មូលហេតុដែលការពាក់ម៉ាស់ងាយនឹងឆ្លងមេរោគនានានោះ គឺដោយសារពលរដ្ឋដែលពាក់ម៉ាស់នោះ គេតែងសង្កេតឃើញថា ម៉ាស់នោះបានពាក់ម្តងហើយគឺបានយកមកពាក់ម្តងទៀត ជាពិសេសនៅអំឡុងពេល ភាគច្រើនគឺឧស្សាហ៍យកដៃទាញម៉ាស់ចុះឡើង ខណៈដែលដៃរបស់យើងបានចាប់កាន់ប៉ះពាល់របស់របរជាច្រើន ហើយជាប់មកជាមួយនៅមេរោគជាច្រើន។
លោកស្រីវេជ្ជបណ្ឌិត ជាទូទៅប្រសិនបើយើងចង់ពាក់ម៉ាស់ការពារ គឺត្រូវពាក់តែនៅក្នុងអំឡុងពេលតែយើងទៅជួបនិយាយជាអ្នកជំងឺផ្សេងៗ នឹងនៅតាមទីកន្លែងដែលយើងសង្ស័យថា មានជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺឆ្លងកូរ៉ូណា វិវុស ជំងឺសារ និងជំងឺផ្តាសាយក្អក កណ្តាសផ្សេងៗ ឬ អាចនៅអោយបានចំងាយពី១ម៉ែត្រ ពីអ្នកជំងឺ ហើយចុងក្រោយគឺត្រូវយកម៉ាស់ចោលនៅកន្លែងមានសុវត្ថិភាព ហើយសំខាន់ជាងនោះទៀត គឺត្រូវលាងដៃនឹងទឹកសាប៊ូ ឬ ទឹកស្អាត អោយបានញឹកញាប់បំផុត។
លោកស្រី វេជ្ជបណ្ឌិត តេង ស្រី បញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវ កាលពីអំឡុងពេលពិភពលោក កើតមានការផ្ទុះជំងឺសារឆ្នាំ២០០៣ នៅប្រទេសកាណាដា គឺបានរកឃើញថា គ្រប់ប្រជាពលរដ្ឋដែលបានពាក់ម៉ាស់ការពារឆ្លងមេរោគជំងឺសារ គឺបានបង្កអោយមានចំនួនអ្នកកើតជំងឺសារនេះ ច្រើនជាងអ្នកមិនពាក់ពាក់ម៉ាស់ ហើយការឆ្លងនោះ គឺកើតឡើងតាមរយៈការពាក់ម៉ាស់មិនត្រឹមត្រូវ ៕
អត្ថបទ៖ btv