គណៈកម្មការសុខាភិបាលជាតិចិន (ក្រសួងសុខាភិបាលរបស់ប្រទេសចិន) បានឲ្យដឹងថា ពេញមួយថ្ងៃ អាទិត្យម្សិលមិញ មានមនុស្សចំនួន ១,៨៤៦នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយឡើងវិញ ដែលចំនួននេះគឺច្រើនជាងឆ្ងាយ បើយើងធៀបនឹងតួលេខនៃអ្នកឆ្លងថ្មីក្នុងថ្ងៃអាទិត្យដដែល។

គិតត្រឹមថ្ងៃអាទិត្យ អ្នកជំងឺ COVID-19 សរុប ២៤,៧៣៤នាក់បានត្រឡប់ទៅផ្ទះវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

រយៈពេល ០៦ថ្ងៃជាប់ៗគ្នាមកនេះ តួលេខប្រចាំថ្ងៃនៃអ្នកជំងឺ COVID-19 ដែលត្រូវបានព្យាបាលឲ្យជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញក្នុងប្រទេសចិន នៅតែបន្តខ្ពស់ជាងតួលេខប្រចាំថ្ងៃនៃអ្នកឆ្លងថ្មីនោះគឺអ្នកឆ្លងថ្មីមានសរុប ៤០៩នាក់នៅរយៈពេលពេញមួយថ្ងៃអាទិត្យ ខណៈអ្នកបានជាសះស្បើយវិញគឺ ១,៨៤៦នាក់។

គួរជម្រាបថា ថ្ងៃអាទិត្យម្សិលមិញនេះ ក៏ជាថ្ងៃទី ០៥ជាប់គ្នាផងដែរ ដែលតួលេខប្រចាំថ្ងៃនៃអ្នកឆ្លង COVID-19 ថ្មីៗនៅចិនបានបន្តស្ថិតនៅក្រោមអត្រា ១,០០០នាក់។ មួយវិញទៀតនោះក្នុងថ្ងៃដដែល តួលេខអ្នកជំងឺដែលទើប នឹងជាសះស្បើយ ទាំងនៅក្នុងទីក្រុង វូហាន (Wuhan) និងនៅខេត្ត ហ៊ូប៉ី (Hubei) ទាំងមូល គឺខ្ពស់ជាងតួលេខ នៃអ្នកឆ្លងថ្មីផងដែរ។ នេះជាសញ្ញាវិជ្ជមានធំមួយ នៅក្នុងការប្រយុទ្ធប្រឆាំងមេរោគឆ្លង COVID-19 នៅទូទាំងប្រទេសចិន ចាប់តាំងពីវាបានផ្ទុះឡើងដំបូងកាលពីចុងខែធ្នូ៕

អត្ថបទ៖ អរិយធម៌

 

 

 

 

By admin

Leave a Reply

Your email address will not be published. Required fields are marked *