កាលពីពេលថ្មីៗនេះយោងតាមសារព័ត៌មាន FOX News ដែលបានចុះផ្សាយនៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា សម្ដេច សង្ឃ កាតូលិក ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) កំពុងតែមានអាការមិនស្រួលព្រះកាយ (ក្អក,ហូរសំបោរ) តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រះអង្គ មិនបានពាក់ម៉ាស ខណៈទទួលស្វាគមន៍ និងប្រទានពរជ័យដល់អ្នកចូលរួមក្នុងពិធីបុណ្យ Ash កាលពីថ្ងៃពុធ កន្លងទៅ។
កាលពីថ្ងៃសុក្រ ម្សិលមិញនេះសម្ដេចសង្ឃ មានមានព្រះជន្ម៨៣ ព្រះវស្សា បានលុបចោលគម្រោងនានា ក្នុងនោះមានគម្រោងចូលរួមក្នុងពិធីជួបជុំមួយរបស់ព្រះអង្គ ហើយកាលពីថ្ងៃព្រហស្បតិ៍ ព្រះអង្គ ក៏បានលុបចោលគម្រោងចូលរួមក្នុងពិធីជួបជុំជាមួយក្រុមមន្ត្រីសង្ឃកាតូលិក ផងដែរ។
សេចក្ដីរាយការណ៍ថាសម្ដេចប៉ាប មានជំងឺបន្តិចបន្តួច កើតមានឡើងនៅចំពេល វីរុសកូរ៉ូណាថ្មី បង្កជាជំងឺ COVID-19 កំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសអ៉ីតាលី ជាទីដែលមនុស្សឆ្លងជំងឺនេះ មានច្រើនជាង៦៥០នាក់ និងអ្នកជំងឺ ១៧នាក់ បានស្លាប់។
គួរបញ្ជាក់កាលពីថ្ងៃពុធ នៅក្នុងពិធីជួបជុំគេបានសង្កេតឃើញសម្ដេចសង្ឃក្អក ហើយយកកូនកន្សែងខ្ទប់ និងជូតច្រមុះ។ ក៏ប៉ុន្តែ ខាងបុរីវ៉ាទីកង់ (Vatican) មិនបានបញ្ជាក់លម្អិតពីអាការៈជំងឺរបស់សម្ដេចប៉ាប នោះទេ ហើយថែមទាំងបានបដិសេធចំពោះ ការឆ្លើយសំនួរដែលសួរថា តើព្រះអង្គកំពុងទទួលការពិនិត្យរកជំងឺ COVID-19 ដែរឬទេ ទៀតផង ដោយពួកគេគ្រាន់តែប្រាប់ថាសម្ដេចមានអាការមិនស្រួលព្រះកាយបន្តិចបន្តួចតែប៉ុណ្ណោះ ទើបលុបចោលគម្រោងជួបជុំនោះ ៕
អត្ថបទ៖ kbn