មេរោគកូវីដ១៩ (Covid-19) អាចឆ្លងទៅលើមនុស្សគ្រប់វ័យទាំងអស់ ហើយការដែលអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះថា ជំងឺរលាកសួត ដោយវីរ៉ុស Covid-19 ដោយសារតែមេរោគនេះ វាចូលចិត្តរស់នៅក្នុងសួត។ ចំពោះអ្នកដែលមានបញ្ហាសួត ប្រសិនមានការឆ្លងមេរោគនេះ នឹងមានការប្រឈមមុខខ្ពស់ជាងគេ។ នេះបើយោងតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន។
លោក ស្រី ឱ វណ្ណឌីន បានឱ្យដឹងថា បច្ចុប្បន្នប្រជាជនកម្ពុជាចំនួនជាង ២លាននាក់ មានបញ្ហា ឬមានជំងឺផ្លូវដង្ហើម ហើយភាគច្រើននៃអ្នកជំងឹនេះ ត្រូវបានរកឃើញថា បណ្តាលមកពីការជក់បារី។ មិនតែប៉ុណ្ណោះ អ្នកដែលជក់បារី ក៏បណ្តាលឱ្យកើតនូវជំងឺមិនឆ្លងមួយចំនួនផងដែរ ដូចជាជំងឺលើសឈាម ទឹកនោមផ្អែម មហារីក បេះដូង និងជំងឺរលាកសួតជាដើម។
អ្នកជំងឺប្រចាំកាយទាំងនេះ ប្រសិនបើមានការឆ្លងមេរោគ កូវីដ១៩ ចូលទៅក្នុងខ្លួន នឹងមានហានិភ័យខ្ពស់ជាងគេ ជាពិសេសអ្នកមានបញ្ហាផ្លូវដង្ហើម ឬជំងឺសួត។ ត្រង់ចំណុចនេះ មិនមែនមានន័យថា អ្នកមិនមានជំងឺប្រចាំកាយទាំងនេះ មិនមាន ហានិភ័យនោះទេ តែដោយសារគេមានប្រព័ន្ធការពាក្នុងខ្លួនគ្រប់គ្រាន់ ដើម្បីទប់ទល់ប្រឆាំង នឹងមេរោគ កូវីដ១៩នេះ ឬជំងឺផ្សេងៗ ដែលប្រព័ន្ធការពាអាចទប់ទល់មិនឱ្យមេរោគវា យ លុក ក្នុងខ្លួនខ្លាំងបាន។ ដូច្នេះ អ្នកជក់បារីទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។
លើសពីនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំថា ដើម្បីទប់ទល់នឹងមេរោគផ្សេង មិនមែនតែ កូវីដ១៩ទេ អ្នកអជំងឺ ត្រូវគេងលក់ឱ្យបានគ្រប់គ្រាន់ បរិភោគអាហារដែលសារធាតុចិញ្ចឹម មានវីតាមីនឱ្យបានគ្រប់គ្រាន់ ផឹកទឹកដែលមានសារធាតុចិញ្ចឹមឱ្យបានច្រើន និងច្រើនដងជាពិសេសនៅក្នុងរដូវក្តៅនេះ តែត្រូវជៀសវាងអាហារ ឬផឹករបស់ដែលផ្អែមច្រើនពេក អាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ព្រោះរាង្គកាយត្រូវការទឹកដើម្បីទប់ទល់នឹងជំងឺផ្សេងៗ៕
អត្ថបទ៖ clicknews