ហេតុការណ៍ប្រពន្ធកំពុងចំតិតគូទអ៊ុតអាប៉ោង ត្រូវប្តីប្តឹងប៉ូលិសចុះចាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវែលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងប្រិយ ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច។

អ្នកញៀ នល្បែងទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឌឹម ធា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមេផ្ទះ មានលំនៅក្នុងភូមិត្រាំងក្រូច ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ទី២-ឈ្មោះវ៉ន វ៉េត ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ មានលំនៅក្នុងភូមិព្រៃទទឹង ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ទី៣-ឈ្មោះសួស ពេជ្រ ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរមេផ្ទះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ និងទី៤-ឈ្មោះប៊ុន បឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមេអាប៉ោង មានលំនៅក្នុងភូមិដីក្រហម ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលចុះប ង្ក្រា បវង់អាប៉ោងខាងលើនេះ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងផ្ទាល់មាត់ពីបុរស ជាប្តីរបស់ស្ត្រីវក់ល្បែងទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនខាងលើ ដោយបានប្តឹងថា ប្រពន្ធរបស់ពួកគាត់ មួយថ្ងៃៗ មិនព្រមគិតគូរពីរឿង រកស៊ីអ្វីនោះទេ វក់តែនឹងល្បែងស៊ីសង (ចាក់អាប៉ោង) ឱ្យតែដល់ម៉ោងសឹងមិនទាន់ តែងប្រមូលផ្តុំក្បាលគ្នានៅវង់អាប៉ោង លេងគ្មានស្គាល់យប់ថ្ងៃ លែងខ្វល់ពីបាយទឹកប្តី និងកូនៗអស់ហើយ មិនតែប៉ុណ្ណោះថែមទាំងបានប្រមូលរបស់របរលក់ យកទៅស្រង់ដើមក្នុងវង់អាប៉ោងថែមទៀត រហូតធ្វើឱ្យក្រុមគ្រួសារទាំងមូលបាត់បង់អស់សុភមង្គល កើតតែរឿងឈ្លោះប្រកែកជាប់ជាប្រចាំ។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចក៏បានចុះប្រតិបត្តិការដល់ទីតាំងខាងលើតាមការចង្អុលប្រាប់ពីបុរសជាប្តី លុះទៅដល់ឃើញស្ត្រីៗជាប្រពន្ធទាំងនោះ កំពុងនាំគ្នាចំតិតគូទអ៊ុតអាប៉ោងយ៉ាងជក់ចិត្ត លុះឃើញសមត្ថកិច្ចចុះទៅដល់ ក៏នាំគ្នារត់ ប៉ើងខោបើងសំពត់អស់ហើយ បំណងគេចខ្លួនតែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចក្របួចជាប់៣នាក់ រួមនឹងមេអាប៉ោងម្នាក់ទៀត៤នាក់ នាំយកមកសាកសួរ ចំណែកអ្នកលេងមួយចំនួនទៀត បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

បច្ចុប្បន្នស្ត្រីញៀនល្បែងទាំង៣នាក់ និងបុរសជាមេអាប៉ោងម្នាក់នោះ ត្រូវបាននគរបាលឃាត់ខ្លួន និងដកហូតវត្ថុតាង បៀមួយហ៊ូរ គ្រាប់អាប៉ោង២គ្រាប់ និងលុយចំនួន១០ម៉ឺនរៀល។ជនសង្ស័យទាំង៤នាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *