Sat. Sep 19th, 2020

News Asia

តុលាការ ចេញដីកាចាប់ខ្លួនមិនបានប៉ុន្មានផង ចេញដីកាកុំចាប់វិញ ករណីឧកញ៉ា និងកូនឆបោកលុយគេ

1 min read

លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានចេញ «ដីកាបញ្ឈប់ការចាប់ខ្លួន» លោកឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកែប កំពត និង តាកែវ និង កូនប្រុសឈ្មោះ ហាក់ ឈុននី ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ ។ នេះបើយោងតាមដីកាដែល លោកឧកញ៉ា ហាក់ សុវណ្ណា ផ្ញើមកកាន់អង្គភាពសារព័ត៌មាន CPC NEWS នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

សូមបញ្ជាក់ថា លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បានចេញដីកាបង្គាប់អោយចាប់ខ្លួននិងឃុំខ្លួនលោកឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកែប កំពត និង តាកែវ ព្រមទាំងកូនប្រុស ពាក់ព័ន្ធបទល្មើសឆបោកប្រាក់អ្នកដទៃចំនួន១៥,០០០ដុល្លារអាមេរិក ។

នេះបើយោងតាមឯកសារជាច្រើនដែល CPC NEWS ទើបទទួលបាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

ដីកាបង្គាប់អោយចាប់ខ្លួននិងឃុំខ្លួនលោកឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកែប កំពត និង តាកែវ ព្រមទាំងកូនប្រុស នាពេលនេះ ធ្វើឡើងក្រោយពីតុលាការកាលពីថ្ងៃទី២៦ ខែមិថុ​នា ឆ្នាំ២០២០ បានប្រកាសសាលក្រមកំបាំងមុខមួយ ដោយសម្រេចផ្តន្តាទោស លោកឧកញ៉ា ហាក់ សុវណ្ណា និង កូនប្រុសឈ្មោះ ហាក់ ឈុននី ដាក់ពន្ធនាគារម្នាក់ៗចំនួន២ឆ្នាំ និង បង្គាប់អោយសងប្រាក់ចំនួន៦០លានរៀល ទៅដើមបណ្តឹង ពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ តាមមាត្រា៣៧៧និងមាត្រា៣៧៨​ នៃក្រមព្រហ្មទណ្ឌ ។

ពាក់ព័ន្ធបញ្ហានេះ ដើមបណ្តឹង គឺ លោក ស៊ុន សេងហ៊ាង ថ្លែងប្រាប់ CPC NEWS ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ឈ្មោះ ហាក់ សុវណ្ណា បានអះអាងថា កាស៊ីណូឈ្មោះ SOI DAI VAS មានច្បាប់អនុញ្ញាតត្រឹមត្រូវដែលមានទីតាំងស្ថិតនៅភូមិតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាកម្មសិទ្ធិរបស់ខ្លួន និង បើកដំណើរការយ៉ាងយូរ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ ដោយអោយឈ្មោះ ហាក់ ឈុននី ជាកូនប្រុសជាអ្នកមើលការខុសត្រូវកាស៊ីណូ នេះ ។

លោក ស៊ុន សេងហ៊ាង ក្នុងនាមជាដើមបណ្តឹង បន្តថា ដោយជឿជាក់លើការអះអាងរបស់ឈ្មោះ ហាក់ សុវណ្ណា ទើបគាត់បានប្រគល់ប្រាក់ចំនួន១៥,០០០ដុល្លារអាមេរិក អោយទៅឈ្មោះ ហាក់ ឈុននី ដើម្បីរកស៊ីដាក់ទូរបាញ់ត្រីនៅក្នុងកាស៊ីណូ តាមការសន្យា ។ ប៉ុន្តែ ក្រោយពីបានទទួលប្រាក់ចំនួន១៥,០០០ដុល្លារ រួចមក ឈ្មោះ ហាក់ សុវណ្ណា និង កូនប្រុសឈ្មោះ ហាក់ ឈុននី បាត់ដំណឹងរហូត ។ ចំណែកកាស៊ីណូ ក៏មិនមានច្បាប់និងមិនបានដំណើរការ ដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.