Sat. Sep 19th, 2020

News Asia

ភ្ជុំបិណ្ឌ បុរសម្នាក់ ទិញឡាន បើកចូលដល់សាលាឆាន់ ដើម្បីប្រគេនលោក អួតយាយតា មានត្រឹមបាយសម្លរ

រូបភាព​ប៉ុន្មាន​សន្លឹក ដែល​ឡាន​បើក​ចូលដល់​ក្នុង​សាលាឆាន់ ហើយ​បុរស​ស្ត្រី​១ អង្គុយ​ប្រណម​សំពះ​ព្រះសង្ឃ នៅមុខ​ព្រះ​ពុទ្ធរូប ត្រូវគេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​រិះគន់​ផង​នោះ គឺ​តាមពិត​ឡាន​ទំនើប​នោះ ជា​ទឹកចិត្ត​ជ្រះថ្លា​របស់​សប្បុរសជន នៅ​ភ្នំពេញ យកទៅ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​គិរី​មង្គល សាលវ័ន បារមី​ព្រះ​ឱស្ឋ​ទិព្វ ហៅ​វត្ត​រវៀង​កើត ស្ថិតក្នុង​ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

​ឯកឧត្តម ប៉ែន វិបុល អតីត​ព្រះសង្ឃ និង​សព្វ​ថ្ងៃជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក ដោយ​បង្ហោះ​រូបថត ២​សន្លឹក ដែល​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក នៅ​យប់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ ថា «​តាមរយៈ​រូបភាព​នេះ គឺ​ម្ចាស់​សទ្ធា ដែលមាន​សេចក្តី​ជ្រះថ្លា បាន​ប្រគេន​រថយន្ត​ដល់​ព្រះសង្ឃ ទុក​គ្រាន់​ប្រើប្រាស់ នៅ​វត្ត​…. ដែលមាន​បងប្អូន​ជាច្រើន បាន​លើក​ជា​យោបល់​នៅលើ​បណ្តាញ​សង្គម​។ ប៉ុន្តែ​ប្រហែលជា​អាច​ខ្វះខាត​បច្ចេកទេស​ពី​ការរៀបចំ​ឲ្យ​បាន​សមរម្យ​»​។​

​ឯកឧត្តម ប៉ែន វិបុល បន្តថា «​រថយន្ត​ម៉ាក​ស៊ីណា ២០១១ សប្បុរសជន នៅ​រាជធានី​ភ្នំពេញ បាន​យកមក​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​គិរី​មង្គល​សាលវ័ន​បារមី​ព្រះ​ឱស្ឋ​ទិព្វ ( រវៀង​កើត ) ស្ថិតនៅក្នុង​ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ​។ មូលហេតុ ដែល​យកមក​ប្រគេន​ក្នុង​សាលាឆាន់ ដោយ​ពី​ល្ងាច​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ មេឃ​ភ្លៀង​ខ្លាំងពេក ទើប​យក​រថយន្ត​នេះ​ឡើងលើ​សាលាឆាន់ ទុក ១​យប់ ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ សូត្រមន្ត និង​ប្រគេន​តែម្តង ដើម្បី​ឲ្យ​ពុទ្ធបរិស័ទ បានឃើញ​ទាំងអស់គ្នា កុំ​ឲ្យ​មាន​ពាក្យ​ថា លោក​មាន​លុយ​ទិញ​ឡាន​។ ពេល​ចប់​កម្មវិធី​បាន​យក​ចុះ​ពី​សាលាឆាន់​វិញ​ហើយ​»​។​

​នៅតាម​ហ្វេ​ស​ប៊ុ​ក មានការ​បង្ហោះ​រូបថត​ឡាន នៅក្នុង​សាលាឆាន់​នេះ ហើយ​មាន​អ្នក​សរសេរថា បុរស​ស្ត្រី​១​គូ ដែល​ទំនងជា​ប្តី​ប្រពន្ធ​នេះ យក​ឡាន​ថ្មី ឲ្យ​ព្រះសង្ឃ សូត្រធម៌ ប្រោស​ព្រហ្ម ឲ្យ​មាន​លាភ​សំណាង​។ ការ​បង្ហោះ និង​រូបភាព​ដូច្នេះ ត្រូវបាន​មហាជន រិះគន់​យ៉ាងខ្លាំង​លើ​បុរស​ស្ត្រី​នោះ រួមទាំង​ព្រះសង្ឃ ផងដែរ​។ នេះ​ក៏​ដោយសារតែ​ខ្វះ​ព័ត៌មាន​ពិត ច្បាស់​ការណ៍ ទើប​នាំ​ឲ្យ​មាន​ការយល់ច្រលំ​ដូច្នេះ​៕​

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.