លោក វេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានបង្ហាញនូវការព្រួយបារម្ភ ពីការឆ្លងជំងឺ កូវីដ១៩ ក្នុងកំឡុង ពេលបុណ្យចូលឆ្នាំចិន វៀតណាម ខាងមុខ ខណៈបច្ចុប្បន្ន ប្រទេសវៀតណាមកំពុង មានផ្ទុះជំងឺកូវីដ១៩ នៅក្នុង សហគមន៍។
លោកបានបន្តថា«ចំពោះខ្ញុំមាន ការព្រួយ.បារម្ភដោយសារ ថាវៀតណាមកំពុងផ្ទុះជំងឺកូវីដ១៩នៅក្នុងសហគមន៍ ហើយនាពេលខាងមុខនេះ ដល់ពេលចូលឆ្នាំប្រពៃណីចិនវៀតណាមទៀត។
អីចឹងពេលចូលឆ្នាំវៀតណាម យើងដឹង ស្រាប់ហើយទំនៀមទម្លាប់ ប្រពៃណីប្រជាជនវៀតណាម មិនចោលទេការ ជួបជុំគ្នា ដែលអាចឆ្លងជំងឺនេះ និងអាចបន្តរាលដាល ដល់ខេត្តផ្សេងៗទៀតរហូតដល់ តាមព្រំដែន ព្រោះខ្មែរយើងមានព្រំដែន ជាប់ប្រទេសវៀតណាមច្រើន។
អីចឹងខ្ញុំមានការព្រួយ បារម្ភឆ្លងចេញពីវៀតណាម ចូលមកប្រទេសកម្ពុជា»។ លោក បានបន្តទៀតថា ម្យ៉ាងទៀតឥឡូវនេះ និស្សិតកម្ពុជា ដែលរៀន នៅវៀតណាម ក៏ត្រូវវិលត្រឡប់មកស្រុកវិញ ដោយសារវៀតណាម ត្រូវឈប់សម្រាក ពិធីបុណ្យចូលឆ្នាំ។
លោកបានបន្ថែមថា«ខ្ញុំសូមសំណូមពរដល់និស្សិតខ្មែរ ដែលកំពុងរៀន នៅវៀតណាមកុំអាល ទាន់វិលត្រឡប់មកស្រុកនាពេលចូលឆ្នាំ ឬវ៉ាកង់តូចខាងមុខនេះអី សូមឲ្យស្នាក់នៅវៀតណាមនិងនៅលេងនៅវៀតណាមសិនទៅកុំមកស្រុកអី
ព្រោះបើមកត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយពេលត្រឡប់ទៅវិញ ក៏ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀតអីចឹងវាអស់ ២៨ថ្ងៃ ហើយណាមួយចូលឆ្នាំវៀតណាម អនុញ្ញាតឲ្យឈប់ សម្រាកយ៉ាងច្រើន១ខែ។
ដល់អីចឹងមកលេងស្រុកបានតែ១ថ្ងៃឬពីរថ្ងៃប៉ុណ្ណោះចាំវ៉ាកងធំ ឈប់បានយូរសុំមកលេងទើបប្រសើរ»។ លោកបានបញ្ជាក់ថា ជាងនេះទៀត ពិធីចូលឆ្នាំវៀតណាម មិនមែនជាបុណ្យជាតិ របស់ខ្មែរយើងទេ។ និស្សិតយើងគួរបន្តស្នាក់ នៅនិងបន្តនៅ លេងចូលឆ្នាំនៅវៀតណាម ដើម្បីចៀសវាង ឬបង្ការនាំ ជំងឺចូលក្នុងស្រុក។
ប្រទេសវៀតណាម បានប្រកាសពីការឆ្លង ចូលសហគមន៍ជាថ្មី បន្ទាប់ពីបាន រកឃើញមនុស្សចំនួន ៨១នាក់ មានលទ្ធផលតេស្តវិជ្ជមាន ជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២១។ យោងតាមព័ត៍មានបរទេស បានឲ្យដឹងថាលោក Nguyen Thanh Long រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម បញ្ជាក់ថា
មនុស្សចំនួន៨១នាក់ មានលទ្ធផលតេស្តវិជ្ជមាន ជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមករា។ មនុស្សទាំង៨១ នាក់នេះ សុទ្ធតែមានទំនាក់ទំនង ជាមួយករណីវិជ្ជមានចំនួន ២ ដែលរកឃើញនៅព្រឹកថ្ងៃដដែល។ ករណីឆ្លងទាំង៨១នេះ ជាការ ឆ្លងក្នុងស្រុកដំបូងក្នុង រយៈពេលជិត២ខែ។
ក្រោយរកឃើញករណីថ្មីចំនួន៨១ បន្ថែមនេះ ក្រសួងសុខាភិបាលបានបញ្ជាឲ្យរដ្ឋ បាលខេត្ត និងទីភ្នាក់ងាររដ្ឋពង្រឹងការ ត្រួតពិនិត្យ និងស្វែងរកជំងឺកូវីដ-១៩។ មន្ត្រីសុខាភិបាលចាប់ផ្តើមស្វែងរកប្រភពចម្លង នៃជំងឺនេះនៅខេត្ត Hải Dương និង Quảng Ninh នៅភាគខាងជើងជាទីដែលករណីឆ្លងថ្មីបំផុតចំនួនពីរ ត្រូវបានរកឃើញ។
ករណីឆ្លងមួយ ក្នុងចំណោមករណីដំបូង ចំនួនពីរ ត្រូវបានរកឃើញថា មកពី មេរោគកូវីដ-១៩ បំប្លែងខ្លួនដែលមាន ប្រភពពីអង់គ្លេស។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វៀតណាមមាន ករណីឆ្លងចំនួន១,៥៥១ករណី និងស្លា.ប់.ចំនួន.៣៥នាក់ក្នុងចំណោមប្រជាជនជាង ១០០លាននាក់៕





