តាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ រដ្ឋមន្ត្រីសុខាភិបាល ប្រទេសវៀតណាម បានបញ្ជាក់ថា ការផ្ទុះឆ្លងវីរុសកូវីដ-១៩ នាពេលថ្មីៗនេះ ដែលបានកើតឡើង លើមនុស្សចំនួន ២៧៦ នាក់ និង រាលដាលឆ្លងដល់ខេត្តក្រុងចំនួន ១០ គឺបណ្ដាលមក ពីវីរុសកូវីដ-១៩ បំលែងខ្លួនថ្មីពីប្រទេសអង់គ្លេស ។
រយៈពេល ៦ ថ្ងៃ ចាប់តាំងពីវីរុសនេះ ផ្ទុះឆ្លងឡើងវិញនៅភាគខាងជើង ខេត្ត Hai Duong គឺបច្ចុប្បន្នគ្រប់គ្រងស្ថានការណ៍ បានហើយ ។ ដោយឡែក នៅក្រុងហាណូយ បានរកឃើញករណីឆ្លងចំនួន ២០ នាក់ថ្មី ដែលនៅទីនោះអាច នឹងត្រូវទាមទារពេលវេលាបន្ថែម នេះបើតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីសុខាភិបាល Nguyen Thanh Long ។
ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Nguyen Thanh Long បានថ្លែងថា ៖ «១២ ករណី ក្នុងចំណោមករណីឆ្លងថ្មីទាំង ២៧៦ នាក់ គឺរកឃើញវិជ្ជមាន លើវីរុសកូវីដ-១៩ បំលែងខ្លួនថ្មីនៅអង់គ្លេស ។ ទោះជាយ៉ាងណា ប្រភពនៃ ការផ្ទុះឆ្លងនេះ នៅតែមិនទាន់ រកឃើញនៅឡើយទេ ។
ក្នុងនោះដែរ ទីក្រុងហាណូយ ត្រូវតែបង្កើនវិធានការ ការពារបន្ថែម ដើម្បីគ្រប់គ្រងការរាលដាលឆ្លងវីរុសនេះ ។ ក្រសួងសុខាភិបាលនឹង ជួយទីក្រុងនេះបង្កើនចំនួនធ្វើតេស្តបន្ថែមដល់ ៤ ម៉ឺននាក់ក្នុងមួយថ្ងៃ» ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ប្រទេសវៀតណាម មានករណីឆ្លងកូវីដ-១៩ សរុបដល់ ១ ៨៥០ នាក់ និង អ្នកស្លា.ប់ចំនួន ៣៥ នាក់ ៕





