សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិបាន ទទួលវ៉ាក់សាំង កូវីដ១៩ រួចហើយ។ នេះបើតាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាបានសរសេរនៅ លើទំព័រហ្វេសបុក មុននេះ។
សម្តេចបាន ឱ្យដឹងថា វ៉ាក់សាំងដែល ជាជំនួយ របស់សាធារណ រដ្ឋប្រជាមានិត ចិន តាមរយៈក្រសួង ការពារ ជាតិចិន មកកាន់ក្រសួង ការពារជាតិ កម្ពុជា នឹងដឹក មកដល់កម្ពុជាចំនួន ៦០ម៉ឺនដូសនៅ ល្ងាចថ្ងៃអាទិត្យទី៧ ខែកុម្ភៈ២០២១ ដែលជាដំណាក់ កាលដំបូង នៃជំនួយ ចំនួន ១លានដូស។
ម៉ោង ៨និង៣០នាទីថ្ងៃទី១០កុម្ភៈ២០២១ ដំណើរការ ចាក់វ៉ាក់សាំង នឹងចាប់ផ្តើម ជាផ្លូវការនៅ មន្ទីរពេទ្យ កាល់ម៉ែត្រ ដែលខ្លួន សម្តេច នឹងទទួលមុន គេជាមួយ មន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យ សេនា ទៀ បាញ់ ដែលគាត់បាន ចាក់វ៉ាក់សាំងនេះរួចហើយ។
សម្តេចបានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ នឹងមានការផ្សាយផ្ទាល់ និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាន នៅមន្ទីរពេទ្យកាល់ ម៉ែត្រតែម្តង។ ថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១)
ដែលជាទស្សនកិច្ចមានអត្ថន័យ ដ៍ជ្រាលជ្រៅនៃចំណង មិត្តភាព សាមគ្គីភាពក្នុង ដំណាក់កាលដែលប្រទេសចិន កំពុងផ្ទុះឡើងនៃ ជម្ងឺកូរ៉ូណា ដែលក្រោយនេះ ហៅថាកូវីដ១៩ ដែលពេលនោះបានប្រើពាក្យថា (ស្រឡាញ់គ្នាក្នុង គ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក)។
សម្តេចបានសូម អរគុណ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ឯកឧត្តម នាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ដឹកនាំចិន ផ្សេងទៀតដែលបានទទួលរូបខ្ញុំ និងគណប្រតិភូ ជាពិសេសបានជួយ ដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅ ប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផង អោយជៀសផុតពីជម្ងឺឆ្លង និងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិនជាមិត្ត៕


