ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ កែវ ឧត្តម ប្រាប់កីឡាដេលីថា នឹងយកថវិកាឧបត្ថម្ភលើកទឹកចិត្តពីឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទៅព្យាបាលជំងឺគីសបំពង់ករបស់លោក កែវ សារិន ដែលជាឪពុកបង្កើត។
សមាជិកក្លិបណាហ្គាវើលដ៍ខាងលើឲ្យដឹងថា ជំងឺប្រចាំកាយរបស់ឪពុកគេមិនទាន់ធូរស្បើយនៅឡើយក្រោយព្យាបាលច្រើនខែរួចមក និងឈានទៅដល់សុរិន្ទទៀតផង។
អតីតខ្សែប្រយុទ្ធស៊ីម៉ាក់យូណាយធីតរៀបរាប់ ៖”បាទបងខ្ញុំសប្បាយចិត្ដយ៉ាងខ្លាំងពីព្រោះពេលនេះគ្រួសារខ្ញុំកំពុងខ្វះថវិកាខ្លាំងដើម្បីព្យាបាលជំងឺប៉ារបស់ខ្ញុំ។ ថវិកា១០០០ដុល្លារដែលបានមកពីការឧបត្ថម្ភរបស់លោកអ៊ំឯកត្ដម សៅ សុខា ដើម្បីលើកទឹកចិត្ដដល់កីឡាករម្នាក់ៗនោះរួមទាំងខ្ញុំម្នាក់ដែរ ថវិកានោះគឺខ្ញុំពិតជាត្រូវយកទៅព្យាបាលជំងឺប៉ារបស់ខ្ញុំនៅឯខេត្ដសុរិន្ទម្ដងទៀត។
ជាចុងក្រោយខ្ញុំសូមអគុណដល់លោកអ៊ំឯកឧត្ដម សៅ សុខា ដែលបានផ្តល់ប្រាក់លើកទឹកចិត្ដដល់ក្រុមជម្រើសជាតិU19 ជូនពរអោយលោកអ៊ំ និងក្រុមគ្រួសារសុខភាពល្អធ្វើដំណើទៅតាមទីជិតទីឆ្ងាយឲ្យបានសុខសុវត្ថិភាព”។
គួរដឹងដែរថា លោក កែវ សារិន ដែលជាអតីតគ្រូបង្គោលក្លិបស៊ីម៉ាក់យូណយធីតបានធ្លាក់ខ្លួនឈឺដោយសារជំងឺគីសបំពង់កជាងមួយឆ្នាំមកហើយ៕