ខណៈអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU រកឃើញថា លោក លឹម ហាក់ ប៉េអឹមខេត្តកំពង់ឆ្នាំង ពិតជាមានការជំរិតទារប្រាក់ដូចការផ្សព្វផ្សាយមែន និង តុលាការខេត្តកំពង់ឆ្នាំង កំពុងបន្តនីតិវិធី នោះ ដើមបណ្តឹងព្រមទទួលយកសំណងចំនួន៥ពាន់ដុល្លារពីលោក លឹម ហាក់ ហើយ ជាថ្នូរនឹងការដកពាក្យបណ្តឹង ។
ដើមបណ្តឹងក្នុងសំណុំរឿងនេះ គឺ លោក ឈុន ឈីវជាតិ ថ្លែងប្រាប់ CPC NEWS នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នេះ ថា លោកបានទទួលសំណងចំនួន៥ពាន់ដុល្លារហើយ ពីលោក លឹម ហាក់ ដោយយល់ព្រមដកពាក្យបណ្តឹងនេះវិញ ។
លោក អះអាងថា យ៉ាងណាក៏ដោយ តុលាការនៅតែបន្តនីតិវិធីដដែល ហើយនៅថ្ងៃចន្ទទី១៨ ខែវិច្ឆិកា ខាងមុខនេះ លោកនឹងចូលបំភ្លឺនៅតុលាការ ។
កន្លងមក លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង អះអាងប្រាប់ CPC NEWS ថា លោកកំពុងចាត់ការលើសំណុំរឿងនេះ ហើយ ដោយបានកោះអញ្ជើញដើមបណ្តឹងចូលបំភ្លឺ ។ ទោះបីយ៉ាងណា ចំណាត់ការផ្សេងៗទៀត លោកសុំមិនធ្វើការអត្ថាធិប្បាយទេ ព្រោះជាការសម្ងាត់ ។
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា “ការស្រាវជ្រាវបង្ហាញថា ពិតជាមានការទារ-ការទទួលប្រាក់ដូចការផ្សព្វផ្សាយមែន។ អង្គភាពប្រឆាំងអំពើពុករលួយ នៅត្រូវការពេលវេលាបន្តិចទៀតដើម្បីវាយតម្លៃថា ការទារប្រាក់-ការទទួលប្រាក់នេះយ៉ាងដូចម្តេចខ្លះដើម្បីមានមូលដ្ឋានបន្តនីតិវិធីបើក ឬ មិនបើកការស៊ើបអង្កេតករណីនេះ” ។
នេះបើយោងតាមចំណុចទី៧ នៃសេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំលើកទី៥១ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៨ ខែតុលា ថ្មីៗនេះ ។
ពាក្យបណ្តឹង កាលពីថ្ងៃទី១០ ខែតុលា លោក ឈុន ឈីវជាតិ រៀបរាប់ថា កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ខណៈដែលខ្ញុំបាទកំពុងតែបើករថយន្តទៅចាក់សាំងតែម្នាក់ឯង ស្រាប់តែមានកងរាជអាវុធហត្ថ២រូប បានឃាត់ចាប់រថយន្តរបស់ខ្ញុំបាទហើយថាមេគាត់ចង់ជួបខ្ញុំក៏បានទៅជាមួយពួកគាត់ ។
ពេលដល់សាលាក្រុងកំពង់ឆ្នាំងបានជួបឈ្មោះ លឹម ហាក់ ហើយគាត់ថាខ្ញុំប្រើឡានអត់ពន្ធ ហើយគាត់ថាមេរបស់គាត់អោយយករថយន្តទៅប៉េអឹមក្រុងដល់ពេលប៉េអឹមក្រុងពួកគេបានឃុំខ្ញុំក្នុងបន្ទប់ឃុំឃាំងរហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបឈ្មោះ លឹម ហាក់ ត្រឡប់មកវិញរួចកុហកប្រាប់ខ្ញុំថាគាត់បានរាយការណ៍ជូនលោកព្រះរាជអាជ្ញា ហើយដោយព្រះរាជអាជ្ញាបញ្ជាអោយគាត់ឃាត់ឡាន និងមនុស្សពីបទប្រើប្រាស់ឡានអត់ពន្ធ និង បានអោយខ្ញុំបាទទាក់ទងបងប្អូនសាច់ញាតិដើម្បីយកប្រាក់ចំនួន៥ពាន់ដុល្លារ ទើបគេព្រមដោះលែងខ្ញុំបាទ និងរថយន្តវិញ គាត់នឹងជួយនិយាយអោយព្រោះរាប់អានគ្នា ។
ដើមបណ្តឹង អះអាងទៀតថា គាត់បានទាក់ទងក្រុមគ្រួសារខ្ញុំដើម្បីរកប្រាក់មកលោះខ្ញុំគេបន្តឃុំខ្លួនខ្ញុំរហូតដល់ម៉ោង៤រសៀលគ្រួសារបានទាក់ទងមកខ្ញុំបាទដោយបាននិយាយថាគាត់ខ្ចីគេបានតែ ៣,៥០០ដុល្លារទេ ដោយយកប្រាក់នេះ អោយឈ្មោះ ឡុន ឡន ហៅឡុង ជាអ្នកយកលុយអោយឈ្មោះ លឹមហាក់ តែឈ្មោះ លឹម ហាក់ មិន ព្រមទេ គឺត្រូវការ ៥ពាន់ដុល្លារ ។
រហូតដល់ម៉ោង៨ យប់គ្រួសារខ្ញុំបានខ្ចីប្រាក់គេគ្រប់ចំនួន និងបានយកមកអោយមន្ត្រីកងរាជអាវុធហត្ថខាងលើនេះ ហើយពួកគេបានអោយខ្ញុំ ធ្វើកិច្ចសន្យាថានឹងមិនប្រើប្រាស់រថយន្តអត់ពន្ធទៀត និងបានដោះលែងខ្ញុំអោយត្រឡប់មកផ្ទះវិញ។ ក្នុងពេលដែលពួកគាត់និយាយគំរាមខ្ញុំបាទអោយរកប្រាក់អោយពួកគាត់នោះខ្ញុំបាទបានលួចថតវីដេអូទុកជាភស្តុតាងស្រាប់ ៕
អត្ថបទ៖ CPC