ជនសង្ស័យវ័យក្មេង២នាក់ បានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីស្ត្រីម្នាក់ នៅតាមដងផ្លូវ ក៏ត្រូវសមត្ថកិច្ចដេញតាមចាប់បាននៅវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃសុក្រទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២ ទី១ឈ្មោះ អៀង ចាន់ដែន អាយុ១៣ឆ្នាំ និងទី២ ឈ្មោះសុខ សុផានិត អាយុ១៦ឆ្នាំ ពួកគេទាំង២ជាសិស្ស ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាព ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-1742 រីឯនារីរងគ្រោះម្ចាស់ទូរស័ព្ទ IPhone 6 មានឈ្មោះ គង់ ចាន់ធឿន អាយុ២៨ឆ្នាំ ជាកម្មកររោងចក្រ ជិះម៉ូតូម៉ាកប៊ីត ។
ប្រភពឱ្យដឹងថា មុនពេលកើតហេតុ ស្រ្តីកំពុងជិះម៉ូតូបណ្ដើរនិយាយទូរស័ព្ទបណ្ដើរ តាមដងផ្លូវជាតិលេខ៣ ពីជើងមកត្បូង ក្នុងសង្កាត់ភ្លើងឆេះរទេះ ដោយក្រុមជនសង្ស័យជិះមកពីក្រោយ ធ្វើសកម្មភាពឆក់បាន រួចជិះម៉ូតូរត់គេចខ្លួនក្នុងល្បឿនកុងទ័រជាង១០០តែដោយសារភ័យស្លន់ជិះទៅប៉ះនឹងរថយន្តមួយគ្រឿង បណ្ដាលដួលត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនឆក់ទូរសព្ទគេ ព្រោះតែគ្មានលុយចាយ ចង់បានលុយទៅទិញសម្ភារៈដែលខ្លួនត្រូវការ ហើយទើបតែឆក់លើកទី១តែប៉ុណ្ណោះ ព្រោះឃើញគេឆក់ក៏ចង់ឆក់ដែរ ដោយរៀនបើកបរនិងធ្វើសកម្មភាព មើលតាមយូធូប ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្រទះឡាង ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះវិញដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕
អត្ថបទ៖ BBN