ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកស្រែអំបិល ឈ្មោះ ខាំ វង្ស លែងគិតពីគោលការណ៍ច្បាប់ទាំង៩ចំណុចនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។មិនត្រឹមតែពុំបានអនុវត្តន៍ច្បាប់ប៉ុណ្ណោះទេ នាយប៉ុស្តិ៍នគរបាលមួយរូបនេះ ថែមទាំងព្រហើនហ៊ានប្រព្រឹត្តបទល្មើសទទួលសំណូកពីក្រុមក្មេងស្ទាវសេព គ្រឿងញៀននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀត។អំពើនេះត្រូវបានមហាជនស្រុកស្រែអំបិលរិះគន់និងយ៉ាងខ្លាំងចំពោះ លោក ខាំ វង្ស ដែលជាសមត្ថកិច្ចនោះ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋសូមមិន បញ្ចេញឈ្មោះបានអោយសាព័ត៌មានយើងដឹងថា លោក ខាំ វង្ស គឺជាមេប៉ុស្តិ៍ ដុះស្លែមួយរូបប្រចាំស្រុក ស្រែអំបិល។ប្រភពដដែលបានអោយដឹងទៀតថា លោក ខាំ វង្ស បានបើកដៃ ឲ្យក្រុមក្មេងស្ទាវប្រព្រឹត្តបទល្មើសយ៉ាងច្រើនករណីដូចជា ប្រើប្រាស់និងជួញដូរសារធាតុញៀន និង បទល្មើសផ្សេងៗទៀត ។
ការបើកដៃអោយក្រុមក្មេងស្ទាវប្រព្រឹត្តបទល្មើសខាងលើ ដោយសារលោក ខាំ វង្ស ទទួលបានលាភសក្ការៈប្រចាំខែពីក្រុមក្មេងស្ទាវក្នុងម្នាក់២០០ ទៅ៣០០ដុល្លារតាមមុខសញ្ញា។បើអ្នកណាមិនបានបង់លុយឲ្យមេប៉ុស្តិ៍រូបនេះទេ នោះលោក ខាំ វង្ស គំរាមថា(អញនឹងចាប់ពួកអែងដាក់គុក)។
តាមការសង្កេតឃើញរបស់ប្រជាពលរដ្ឋ ទូទៅក្នុងស្រុកស្រែអំបិល បានអោយដឹងបន្ថែមទៀតថា ទង្វើមិនគប្បីរបស់លោកនាយប៉ុស្តិ៍ម្នាក់នេះមិនមែនមានត្រឹមតែប៉ុណ្ណឹងនោះទេ អ្វីដែលគួរអោយហួសចិត្តនោះគឺរាល់ពេលគេអញ្ជើញទៅកម្មវិធីបុណ្យ ការ ផ្សេងៗ លោក ខាំ វង្ស តែងតែដើរទៅសុំលុយក្មេងស្ទាវ ដែលប្រព្រឹត្តបទល្មើសនោះ ដើម្បីយកលុយមកចងដៃចូលរួមក្នុងពិធីនោះ ដោយគ្មានគិតពីកេរ្តិ៍ខ្មាស់ឬមុខមាត់របស់ខ្លួនឡើយ ដែលទំលាប់នេះក្លាយជាជាប្រពៃណីរបស់ លោក ខាំ វង្ស ទៅហើយ។
តាមប្រភពព័ត៌មានពីមិត្តភក្ដិជិតស្និទ្ធ របស់ឈ្មោះ ប៊ូ ងែត ដែលត្រូវជាកូនប្រុសរបស់លោក នឹម សុវណ្ណនី ហៅ ប៊ូ មានមុខងារជាអធិការរងស្រុកស្រែអំបិលបានអោយដឹងថា កាលពីឈ្មោះ ប៊ូ ងែត រស់នៅស្រុកស្រែអំបិល លោកខាំ វង្ស ជាមេប៉ុស្តិ៍រូបនេះបានជំរិតទារលុយពីឈ្មោះ ប៊ូ ងែត ទៅទិញម៉ូតូ១គ្រឿង ដើម្បីជាការដោះដូរក្នុងបទល្មើសជួញដូរគ្រឿងញៀនពីឈ្មោះ ប៊ូ ងែត នេះ។ដោយឡែកឈ្មោះ ប៊ូ ងែត អាយុ ២៧ឆ្នាំនេះ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅភ្នំពេញនិងផ្តន្ទាទោសជាប់ពន្ធធនាគារនៅព្រៃស ពីបទជួញដូរគ្រឿងញៀន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុក ស្រែអំបិល បាននិយាយតៗគ្នាថា តាំងពីលោក ខាំ វង្ស រូបនេះ ឡើងធ្វើជានាយប៉ុស្តិ៍នគរបាលអស់ជាយូរឆ្នាំមកហើយនោះ ប្រជាពលរដ្ឋពុំដែលឃើញ មេប៉ុស្តិ៍រូបនេះ ចាប់ឬឃាត់ខ្លួនបានក្រុមអ្នកសេពនិង អ្នកចែកចាយថ្នាំញៀនបានម្នាក់នោះទេ បែរជាមានសមត្ថកិច្ចមកពីស្រុកបូទុមសាគរ បានមកចុះចាប់ជនសង្ស័យជួញដូរគ្រឿងញៀន នៅស្រុកស្រែអំបិលនេះទៅវិញ។
ពាក់ព័ន្ធរឿងរ៉ាវស្អុយរលួយនេះ អ្នកសារព័ត៌មាន បានទូរស័ព្ទសួរនាំទៅកាន់ លោកមេប៉ុស្តិ៍នគរបាល លោក ខាំ វង្ស ដើម្បីសុំការបំភ្លឺ តែទូរស័ព្ទលោក ខាំ វង្ស បានដាក់កម្មវិធី(ប្លុក)មិនអោយមានគេតេចូល( សម្លេងជាប់រវល់)។
ចំណែកឈ្មោះ កែវ ប៊ូរី ហៅ វែង ទើបតែកាន់ តំណែងជាអធិការស្ដីទី បន្ទាប់ពីលោកអធិការ ម៉ា ទី មានជម្ងឺបានប្រាប់សាព័ត៌មានយើងថា គាត់បានឮពលរដ្ឋនិយាយដែរថា ឈ្មោះ ខាំ វង្ស នេះ មានរឿងរ៉ាវពាក់ព័ន្ធបទល្មើសផ្សេងៗជាច្រើនដែរ តាំងពីគាត់ មិនទាន់ជាអធិការស្ដីទីឯណោះ។ តែរឿងនេះលោកមិនអាចនិយាយអ្វីបានទេ ទុកឲ្យថ្នាក់លើដោះស្រាយទៅចុះ ពីព្រោះបុគ្គលគាត់នេះគ្មាននរណាហ៊ានប៉ះពាល់ទេ ពីព្រោះល្បីថាគេមានខ្សែធំ។
ពាក់ព័ន្ធរឿងរ៉ាវអ្នកអនុវត្តច្បាប់តែបំពានច្បាប់ឮខាងលើ ប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងស្រុកស្រែអំបិលបានស្នើរអោយលោក សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង ដែលល្បីល្បាញថា ជាស្នងការមានគោលជំហម៉ឺងម៉ាត់នឹងការងារបង្រ្កាបបទល្មើសនោះជួយចាត់វិធានការបន្ទាន់លើបុគ្គលលោក ខាំ វង្ស នេះផង ។ ប្រជាពលរដ្ឋសង្ឃឹមថា លោកស្នងការនគរបាលខេត្តកោះកុងនឹងមានវិធានការច្បាប់ចំពោះមេប៉ុស្តិ៍ស្រុកស្រែអំបិលរូបនេះ ឱ្យបានតឹងរឹង ព្រោះថា បើបន្តបែបនេះ វាអាចប៉ះពាល់ដល់មន្ត្រីនគរបាលខេត្តកោះកុងទាំងមូល ដូចពាក្យចាស់ថា ត្រីមួយកន្រ្តក ស្អុយមួយ ស្អុយទាំងអស់ ៕
អត្ថបទ៖ swiftnews