រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ជំនួយដល់អង្គការ Nature Center Risen នូវថវិកាចំនួន ១៩១,៧៤៤ ដុល្លារអាមេរិក សម្រាប់ “គម្រោងសម្រេចឲ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាព តាមរយៈការអប់រំបរិស្ថានតាមបែបអនុវត្ត ជាដើមនៅវិទ្យាស្ថានគរុកោសល្យ (ឆ្នាំទី៣)”។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។
កិច្ចសន្យាផ្តល់ជំនួយ បានត្រូវចុះហត្ថលេខាដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និង លោកស្រី អ៊ីវ៉ាម៉ា មីយ៉ូកុ, នាយិកាអង្គការ Nature Center Risen។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងគម្រោងនេះ អង្គការ Nature Center Risen នឹងបង្កើតប្រព័ន្ធបណ្តុះបណ្តាលអំពីបរិស្ថានអប់រំជាបន្តបន្ទាប់ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់អនុវិទ្យាល័យ ក្នុងប្រទេសកម្ពុជា តាមរយៈការកែសម្រួលសៀវភៅណែនាំសម្រាប់គ្រូ បោះពុម្ពសៀវភៅអប់រំបរិស្ថាន និងផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលគរុកោសល្យមត្តេយ្យ។ វានឹងជួយធ្វើឲ្យប្រជាជនកម្ពុជា កាន់តែយល់ដឹងអំពីបញ្ហាបរិស្ថាន៕