នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ គឺជាថ្ងៃផុតកំណត់ ដែលអគ្គនាយកដ្ឋានពន្ធដា នឹងបិទឈប់ទទួលការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៩ បន្ទាប់ពីបានចេញសេចក្ដីប្រកាសរំឭកឱ្យចូលបង់ពន្ធចំនួនពីរដងរួចមកហើយ។
អគ្គនាយកដ្ឋានពន្ធដា បានព្រមានថា ក្នុងករណីខកខានមិនបានបង់ពន្ធ បានទាន់តាមការកំណត់ ម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ ជាមួយនេះ អគ្គនាយកដ្ឋានពន្ធដា នឹងសហការជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ នៅតាមដងផ្លូវនានា បន្ទាប់ពីការបិទបញ្ចប់ការប្រមូលពន្ធ។
ទាក់ទិននឹងការប្រមូលពន្ធនេះដែរ បើយោងតាមអគ្គនាយកដ្ឋានពន្ធដា បានឱ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០១៩កន្លងទៅ ចំនួនពន្ធ-អាករដែលប្រមូល បានប្រមាណ ២២១,៩១លានដុល្លារអាមេរិក ស្មើនឹង ៩,៧០ភាគរយ នៃផែនការប្រចាំឆ្នាំ។ បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ កើនឡើងចំនួន ៣៩,៧៩លានដុល្លារអាមេរិក ស្មើនឹង ២១,៨៥ភាគរយ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា កំណើននៃការប្រមូលពន្ធគឺដោយសារការអនុវត្តដោយជោគជ័យនូវប្រព័ន្ធស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund)។ ជាមួយនេះ បច្ចុប្បន្នអ្នកជាប់ពន្ធ និងសហគ្រាសមានការយល់ដឹងច្រើន ក៏ដូចជាការខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់។
ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធគ្រប់ប្រភេទ និងឈានទៅសម្រេចឱ្យលើសផែនការឱ្យបានជាអតិបរមានោះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនផងដែរ៕
អត្ថបទ៖ clicknews