ក្រោយមានស្នាមប្រេះក្រហែងលើអគារសិក្សា ចំនួនពីខ្នងនៅសាលាបឋមមង្គលថ្មីឃុំញ៉េញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ នាយក គ្រូបង្រៀន ចៅអធិការវត្ត និងឳពុកម្តាយសិស្ស មានការព្រួយបារម្ភលើសុវត្ថិភាពរបស់សិស្ស បានធ្វើរបាយការណ៍ស្នើសុំទៅមន្ទីរអប់រំ យុវជននិងកីឡាខេត្តតាកែវ ដើម្បីលើកជាគម្រោងជួសជុល ឬសាងសង់ថ្មី តែមកទល់ពេលនេះ ជិតមួយឆ្នាំហើយ នៅមិនទាន់ឮដំណឹងអ្វីឡើយ ។
ជាមួយនិងការស្ងាត់បាត់មិនឆ្លើយតបទៅលើការស្នើសុំនេះបានធ្វើឲ្យឳពុកម្តាយសិស្ស មានចម្ងល់ថាឬមួយមន្ទីរអប់រំខេត្តតាកែវ នៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការជួយជួសជុល ឬក៏រង់ចាំដល់តែអគារបាក់ទើបឆ្លើយតបថាត្រូវធ្វើថ្មី ។ ចំពោះការមិនឆ្លើយតបរបស់មន្ទីរអប់រំយុវជន និងកីឡានេះ បានបង្ខំចិត្តដល់អណាព្យាបាលសិស្សមួយចំនួន នាំកូនប្តូរសាលារៀន ព្រោះខ្លាច អគារបាក់រំលំ ។ ចំណែកឯនាយកសាលា គ្រូបង្រៀន និងចៅអធិការវត្ត បានធ្វើការអំពាវនាវ ស្នើសុំរកសប្បុរសជនជិតឆ្ងាយ និងកៀងគរពីឳពុកម្តាយសិស្សរកថវិកាមក បានបន្តិចបន្តួចធ្វើកន្លែងសិក្សាឲ្យសិស្សបណ្តោះអាសន្នសិនតែប៉ុណ្ណោះ ។
ព្រះគ្រូចៅអធិការវត្តមង្គលថ្មី ព្រះតេជគុណ អ៊ីវ សំអាត បានមានសង្ឃដីកាថា សាលារៀនសព្វថ្ងៃនេះ មានការប្រេះច្រើនកន្លែងណាស់ រហូតមានការតវ៉ា ពីអាណាព្យាបាល និងបងប្អូនប្រជាពលរដ្ឋ ឈប់លែងចង់ឲ្យកូនៗរបស់ពួកគាត់ មករៀនសាលានេះទៀតផង ព្រោះខ្លាចមានបញ្ហាលើកូនៗរបស់គាត់ ។
ចំណែកលោកគ្រូអ្នកគ្រូបាននិយាយថា ពួកគាត់បានខិតខំកៀងគរ និងសុំថវិកាពីបងប្អូន ឲ្យមានការចូលរួមជួយជាថវិកាឪពុកម្តាយសិស្ស និងលោកគ្រូអ្នកគ្រូ សប្បុរសជននានា បានខ្លះដែរ តែមិនអាចគ្រប់ទេ ព្រោះខ្វះខាតច្រើនណាស់ បានត្រឹមតែយកថវិកាពីការរៃអង្គាស បានខ្លះៗនោះ មកជួសជុល រកកន្លែងឲ្យសិស្សបានរៀនបណ្តោះអាសន្នសិនតែប៉ុណ្ណោះ និងយកលុយខ្លះមកជួសជុលលើអគារប្រះក្រហែងនោះ ជំពាក់លុយជាងសិន ព្រោះខ្លាចប៉ះពាល់ និងខកខានការរៀនរបស់ក្មេងៗ ព្រោះចំនួនសិស្សដែលកំពុងសិក្សា នៅសាលាមានចំនួនជាង ៣០០នាក់ ។
សូមបញ្ជាក់ផងដែរថា កន្លងមកលោកគ្រូអ្នកគ្រូ ក៏ដូចជាអាជ្ញាធរភូមិធ្លាប់បានរាយការណ៍ ឲ្យអាជ្ញាធរឃុំនិងស្រុក ហើយដែរ ហើយអាជ្ញាធរស្រុក បានចាត់ឲ្យមន្ត្រីការិយាល័យអប់រំស្រុក ចុះពិនិត្យមើលហើយដែរ តែដូចជាស្ងាត់ឈឹង រហូតមកដល់ពេលនេះ មិនទាន់មានឮដំណឹងណាមួយឆ្លើយតប ថាជួយដោះស្រាយបាន ឬមិនបាននោះទ្បើយ?៕
អត្ថបទ៖ CEN