ខណៈដែលចំណងស្នេហ៍របស់នាយក្រិន និងភរិយាទី២ នាងយ៉ាយ៉ា ហាក់ស្ងប់ស្ងាត់ទៅហើយនោះ ស្រាប់តែកាលពីពេលថ្មីៗណេះ នាងយ៉ាយ៉ា បានបង្ហោះសារថា នឹកកូនៗតែបានត្រឹមមើលរូបថត គ្មានសិទ្ធទៅជួប ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
អតីតភិយានាយក្រិន រូបនេះ បានបង្ហោះសារថា “ថានឹកខ្លាំងណាស់តែបានត្រឹមមើលរូបថតគ្មានសិទ្ធទៅជួប។ បែកគ្នាដោយសាររស់នៅមិនចុះសម្រុង ហើយគ្មានបំណងនិងចង់រស់នៅជុំគ្នាវិញដែរឱ្យបញ្ចប់ត្រឹមហ្នឹងទៅ “។
គួរបញ្ជាក់ថា ចំណងស្នេហ៍ដែលបង្កើតបានកូន៣នាក់ រវាងនាយក្រិន និងនាងយ៉ាយ៉ា ត្រូវបានបែកធ្លាយបន្ទាប់ពីនាយក្រិន បានបង្ហោះសារឈឺចាប់ត្រូវភរិយាផិតក្បត់ សុខចិត្តនៅមើលថែទាំងកូនដែលនៅតូចៗ និងចុងក្រោយ នាយក្រិន ក៏បានបញ្ជូនកូន២នាក់ឲ្យទៅនៅជាមួយជីដូនឯស្រុកកំណើត។
តារាកំប្លែងមាឌល្អិតរូបនេះ បានប្រាប់អ្នកសារព័ត៌មានយើងថា លោកធ្លាប់តាមទាន់ភរិយារបស់លោកមានទំនាក់ទំនងជាមួយប្រុសដល់ទៅ២នាក់ អំឡុងពេលនាយឈឺដេករយៈពេល៣ខែ។ ហើយនាយក៏បានបញ្ជាក់ថា គ្មានបំណងផ្សាផ្សាស្នេហាជាមួយអតីតភរិយារូបនេះជាដាច់ខាត។
មិនបានប៉ុន្មានថ្ងៃ នាយក្រិន បានដឹកដៃកូនទាំង២ជិះរុឺម៉កកង់៣យកទៅផ្ញើតាមឡានតាក់សុី ដើម្បីឲ្យជីដូនរបស់នាយចិញ្ចឹមបីបាច់នៅស្រុកកំណើត។ ដែលរូបភាពនេះ ធ្វើឲ្យមហាជនមានការខ្លោចចិត្តអាណិតនាយជាពន់ពេក៕
អត្ថបទ៖ នគរធំ