ប្រជាពលរដ្ឋក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានអំពាវនាវឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ចាត់វិធានការទប់ស្កាត់អាជីវកម្មថ្មភ្នំទ្រូងអណ្ដើក ជាបន្ទាន់ព្រោះភ្នំនេះជិតរលាយបាត់រូបរាងទៅហើយ។
ប្រជាពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុនធ្វើអាជីវកម្មថ្មភ្នំទ្រូងអណ្ដើក គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនខ្វល់ពីផលប៉ះពាល់ដល់បរិស្ថានធម្មជាតិនិងការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។ ចំណែកលោក យស់ មុនី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកែប ព្រមទាំងបក្ខពួកមួយក្ដាប់តូចសម្ងំទទួលផលប្រយោជន៍ពីអាជីវកម្មថ្មភ្នំទ្រូងអណ្ដើក យ៉ាងត្រជាក់ចិត្តហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពព័ត៌មានពីមន្ត្រីរាជការនៅខេត្តកែប បានឲ្យដឹងថា ករណីឈ្មួញធ្វើអាជីវកម្មថ្មភ្នំ ស្ទើរតែរលាយបាត់រូបរាងភ្នំទ្រូងអណ្ដើក ភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺមានឃុបឃិតបើកដៃពីសំណាក់លោក យស់ មុនី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកែប ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក យស់ មុនី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកែប ទេនោះ គឺឈ្មួញមិនអាចធ្វើអាជីវកម្មថ្មភ្នំទ្រូងអណ្ដើក ស្ទើររលាយបាត់រូបរាងភ្នំដូចសព្វថ្ងៃនេះទេ។ ចំណែកលោក កែន សត្ថា អភិបាលខេត្តកែប បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក យស់ មុនី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកែប ដូចជាបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត ក្នុងខណៈដែលភ្នំទ្រូងអណ្ដើក ស្ទើររលាយបាត់រូបរាងទាំងស្រុងទៅហើយ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា ករណីក្រសួងពាក់ព័ន្ធអនុញ្ញាតឲ្យក្រុមហ៊ុនមួយធ្វើអាជីវកម្មថ្មភ្នំទ្រូងអណ្ដើក កំពុងបណ្ដាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានធម្មជាតិ ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋ។
សេចក្ដីរាយការណ៍ពីអ្នកភូមិ បានឲ្យដឹងថា ក្រុមហ៊ុនធ្វើអាជីវកម្មថ្មភ្នំទ្រូងអណ្ដើក បានប្រើរំសេវបំផ្ទុះយកថ្មភ្នំលាន់ឮដូចគ្រាប់ផ្លោង ហើយខ្ទាតដុំថ្មកម្ទេចថ្មលើផ្ទះសម្បែងប្រជាពលរដ្ឋនៅក្បែរៗជើងភ្នំ និងធ្វើឲ្យខូចដល់ដំណាំរបស់ប្រជាពលរដ្ឋទៀតផង។ ជាងនេះទៅទៀតរថយន្តដឹកជញ្ជូនថ្មបានធ្វើឲ្យមានដីហុយសំពោងទៅលើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ហើយមន្ត្រីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីមន្ទីរពាក់ព័ន្ធក្នុងខេត្តកែប មិនគិតគូរជួយដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋទាល់តែសោះ។
ប្រជាពលរដ្ឋក្នុងភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្ហើរខេត្តកែប បានឲ្យដឹងទៀតថា ចាប់តាំងពីក្រុមហ៊ុនមួយនោះធ្វើអាជីវកម្មថ្មភ្នំ និងកាយដីភ្នំទ្រូងអណ្ដើកលក់ គឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយភ្នំទ្រូងអណ្ដើកទាំងមូលកំពុងប្រឈមនឹងការរលាយបាត់រូបរាងនាពេលឆាប់ៗខាងមុខ។
ចំណែកលោក យស់ មុនី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកែប គិតតែពីរឿងប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងរ៉ែនិងថាមពល។ បញ្ហានេះលោក កែន សត្ថា អភិបាលខេត្តកែប ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះបច្ចុប្បន្នលោក យស់ មុនី កំពុងសម្ងំទទួលផលប្រយោជន៍ពីក្រុមហ៊ុនធ្វើអាជីវកម្មថ្មភ្នំ និងកាយដីក្នុងទ្រូងអណ្ដើកលក់។
តាមការបង្ហើបពីមន្ត្រីនៅខេត្តកែប បានលើកឡើងថា ក្នុងតំណែងជាប្រធានមន្ទីររ៉ែនិងថាមពលខេត្តកែប គឺលោក យស់ មុនី គិតតែប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនដែលខ្វល់ពីផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាល់តែសោះ៕
អត្ថបទ៖ អរិយធម៌