មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានប្រកាសជឿជាក់លើសមត្ថភាពជំនាញនៃក្រុមគ្រូពេទ្យខ្មែរ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានចំណេះជំនាញល្អពិតប្រាកដ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈពេទ្យ។
តាមរយៈទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ បានឲ្យដឹងថា លោកជំទាវ ឱ វណ្ណឌីន ជារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល បានមកប្រើប្រាស់សេវាពិនិត្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមានការជឿជាក់លើសមត្ថភាពជំនាញនៃក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យនេះ។
លោកជំទាវ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះ ជូនដល់លោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានចំណេះជំនាញល្អពិតប្រាកដ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវ:ពេទ្យ បានជួយពិនិត្យនិងព្យាបាលជើងស្តាំរបស់លោកជំទាប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានធូរស្រាលនាថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបន្ថែមថា៖ ខ្ញុំនឹងបន្តប្រើប្រាស់សេវាផ្តល់ដោយក្រុមគ្រូពេទ្យខ្មែរជាបន្តទៀត ហើយក្នុងពេលសម្រាកព្យាបាល ខ្ញុំក៏បានពិនិត្យឃើញផងដែរថា មានបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងជាច្រើនកុះករបាន និងកំពុងប្រើប្រាស់សេវានៅមន្ទីរពេទ្យនេះ ដែលបានបង្ហាញពីទំនុកចិត្តរបស់បងប្អូនយើងលើសមត្ថភាពក្រុមគ្រូពេទ្យខ្មែរយើង។
ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន ជូនពរក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងអស់ មានសុខភាពល្អបរិបូណ៌បន្តបេសកម្មដ៏ថ្លៃថ្លានេះ ដលម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរជាបន្តទៀត។ បើមិនមានក្រុមគ្រូពេទ្យខ្មែរយើងជួយដល់ខ្មែរទេនោះ ប្រជាជនរាប់ម៉ីន រាប់លាននាក់ប្រាកដជាមិនបានជាស្បើយពីរោគាឡើយ៕
អត្ថបទ៖ swiftnews