បុរសជនជាតិកូរ៉េម្នាក់ទើបតែចេញពីខារ៉ាអូខេ បានហៅកង់បីឥណ្ឌាជិះត្រឡប់ទៅផ្ទះត្រូវជនសង្ស័យ១ក្រុម ជិះរថយន្តមួយគ្រឿងមកពីក្រោយ បានកាក់ឲ្យឈប់ រួចធ្វើសកម្មភាពយកកាំបិតចុងស្រួចភ្ជង់ប្លន់យកការបូបលុយបានសម្រេច រួចឡើងជិះរថយន្តគេចបាត់ស្រមោលមិនរំខានដល់សមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១:៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ចំណុចមុខផ្ទះលោកជាសុផារ៉ា ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។
តាមម្ចាស់កង់បីប្រាប់ថា ជនរងគ្រោះជាជនជាតិកូរ៉េ តែមិនត្រូវបានស្គាល់ឈ្មោះនោះទេ។ ចំណែកម្ចាស់កង់បីឥណ្ឌាមានឈ្មោះ ហឿនណុប អាយុ៣៧ឆ្នាំ មុខរបរត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលម្តុំផ្សារទឹកថ្លា ខណ្ឌសែនសុខ។
តាមសម្តីម្ចាស់កង់បីឥណ្ឌាបានឲ្យដឹងថា មុនពេលកើតហេតុបុរសជាជនជាតិកូរ៉េម្នាក់ ទើបតែចេញពីខារ៉ាអូខេនៅម្ដុំផ្សារអូឡាំពិកបានហៅកង់បីឥណ្ឌារបស់គាត់ពណ៌ស ពាក់ផ្លាកលេខតាកែវ1P 8671 គោលបំណងជិះត្រឡប់មកផ្ទះនៅបុរីប៉េងហួត ផ្លូវ៥៩៨ សង្កាត់ ច្រាំងចំរេះ១ខណ្ឌឬស្សីកែវ ។ លុះបើកឌុបជនជាតិកូរ៉េពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើមិនទាន់ដល់ផ្ទះផងនោះស្រាប់តែលេចមុខជនសង្ស័យ១ក្រុមមានគ្នា៣នាក់ជិះរថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ខ្មៅ ផ្លាកលេខយកក្រណាត់បាំងជិតជិះមកកាក់ពីមុខរួចជនសង្ស័យ២នាក់បានចុះពីរថយន្តបិទមុខជិតឃើញតែប្រឡោះភ្នែកដៃកាន់កាំបិតចុងស្រួចម្នាក់មួយមកភ្ជង់យកកាបូបលុយបាន ហើយកឡើងជិះរថយន្តគេចខ្លួនដោយសុវត្ថិភាព។
ប្រភពបន្តទៀតថា ក្នុងការបូបលុយរបស់គាត់ មិនដឹងថាគាត់មានលុយប៉ុន្មាននោះទេ ក្រោយពីជនសង្ស័យបានបើករថយន្តទៅបាត់ រូបគាត់ជាម្ចាស់កង់បីបានដឹកជនរងគ្រោះជាភ្ញៀវរហូតដល់ផ្ទះរបស់គាត់ក្នុងបុរីប៉េងហួតរួចហើយក៏ត្រឡប់មកវិញមកដល់ចំណុចកើតហេតុក៏បានជួបក្រុមអ្នកសារព័ត៌មានជាច្រើននាក់ បានសាកសួរក៏ដូចជាសម្ភាសគ្រប់ៗគ្នា៕មួយសន្ទុះក្រោយមកក៏បានឃើញសមត្ថកិច្ចបីនាក់ បានមកដល់ចំណុចកើតហេតុ ហើយក៏ឲ្យម្ចាស់កង់បីឥណ្ឌាជូនទៅចង្អុលផ្ទះជនរងគ្រោះរង់ចាំព្រឹកឡើងហៅជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីកំណត់មុខសញ្ញាជ្រាវស្រាវនិងអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ នគរវត្ត