ក្រចេះ ៖ មានសេចក្ដីរាយការណ៍ បឋមមួយបានឱ្យដឹងថា មានករណីបាក់ទំនប់ សារធាតុគីមី ចេញពីក្រុមហ៊ុនរ៉ែមាស មួយកន្លែងបណ្ដាលឱ្យធ្លាយចូលមកតាមអូរ បង្កត្រីស្លាប់ពាសពេញដងអូរ និងពលរដ្ឋកំពុងប្រឈមបញ្ហានេះ ។
ប្រភពបឋមបានឱ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរី បានទទួលពត៌មាន ពីលោកមេភូមិចំណុចអូរត្រូន ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ប្រាប់ថាកាលពី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ទឹករ៉ែមាសចំណុចត្រូន មានសារធាតុពុល ដែលផ្ទុកក្នុងអាង ក្រុមហ៊ុនរបស់ចិន បានហៀរនិងហូរចូលតាមអូរធំ បណ្ដាលអោយពុលសត្វត្រីតូចធំងាប់ អស់ជាច្រើន ។
បច្ចុប្បន្នទឹកដែលមានសារធាតុពុលនោះ កំពុងបន្តហូរចូល មកក្នុងអូររហូត ដែលធ្វើប្រជាពលរដ្ឋ នៅចំណុចត្រូន មិនហ៊ានយកទឹកនោះ មកប្រើប្រាស់ឡេីយ។ បញ្ជាក់ទឹកដែលមានសារធាតុពុលនោះ នឹងអាចហូរបន្តរហូត ចូលទៅដល់ចំណុចអូរកាំពី ។
សូមជម្រាបថា ដំបូងឡើយការធ្លាយអាងនេះភ្លាមៗ ត្រូវខាងក្រុមហ៊ុនព្យាយាមលាក់ ថាមិនមានអីនោះទេ ប៉ុន្តែទាល់តែ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យជាក់ស្ដែង ទើបដឹងថាវាធ្ងន់ធ្ងរ និងអាចធ្ងន់ធ្ងរជាងនេះទៀត ប្រសិនទប់ស្កាត់មិនទាន់ពេល ៕
អត្ថបទ៖ BNN