សិប្បកម្មកែច្នៃស្ករត្នោតក្លែងក្លាយនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលមុននេះត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញចុះបង្ក្រាបបិទទីតាំងជាបន្តបន្ទាប់នោះ ពេលនេះចាប់ផ្តើមមានជីវិតរស់ឡើងវិញហើយ និងហាក់មានការផលិតកាន់តែច្រើនលើដើម ដោយក្នុង១ថ្ងៃផលិតនាំចេញប្រមាណជាង២តោនឯណោះ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ បានឱ្យដឹងថា កន្លែងធ្វើស្ករត្នោតកែច្នៃនោះ គេឃើញថា នៅតែបន្តធ្វើបានដោយរលូនដដែល ទោះបីជាកន្លងមកឃើញមានការចុះបង្ក្រាបឬបិទទីតាំងដោយបានហាមឃាត់មិនឱ្យមានការផលិតទៀតក៏ដោយ ក៏ទីតាំងខាងលើនេះ នៅតែបន្តដដែល និងលែងមានការរំខានពីមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរផងដែរ។
ប្រជាពលរដ្ឋបានបន្តទៀតថា បើសិនជាអាជ្ញាធរនិងមន្ត្រីជំនាញមិនមានការអើពើឬយកចិត្តទុកដាក់ទេ ហើយនៅតែបន្តឱ្យធ្វើតទៅទៀតនោះ ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់និងទិញយកទៅបរិភោគផ្ទាល់ដោយមិនបានដឹងថា ស្ករពិតឬក្លែងក្លាយនោះ នៅថ្ងៃខាងមុខ ពួកគាត់នឹងជួបបញ្ហានៅជំងឺផ្សេងៗជាក់ជាមិនខាននោះទ្បើយ ព្រោះថា ការផលិតស្ករត្នោតកែច្នៃគឺមិនមែនដាក់តែស្ករសមួយមុខប៉ុណ្ណោះទេ មិនដឹងថាពួកអ្នកដែលធ្វើទាំងនោះ បានដាក់លាយសារធាតុអ្វីខ្លះចូលក្នុងនោះទេ ទើបបានក្លាយជាស្ករត្នោតបែបនេះ។
ប្រជាពលរដ្ឋ បានបញ្ជាក់ថា កន្លងមកគាត់បានឃើញមន្ត្រីជំនាញថ្នាក់ក្រសួងនិងមន្ត្រីជំនាញថ្នាក់ខេត្ត ក៏ដូចជាអាជ្ញាធរស្រុកបានចុះមកហាមឃាត់បិទម្តងជា២ដងមកហើយ ហើយខាងមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត ក៏ធ្លាប់បានហាមនិងធ្វើពាក្យបណ្តឹងទៅតុលាការហើយដែរ តែមិនដឹងថាយ៉ាងម៉េច បែរជាសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយទាំងនោះនៅតែបន្តមានជីវិតឡើងវិញបានដោយរលូនបែបនេះ៕
អត្ថបទ៖ នគរធំ