បន្ទាយមានជ័យៈអាជ្ញាធរក្រុងប៉ោយប៉ែតបានបិទអាជីវកម្មលក់សាំងរាយនិងហ្គាសនៅក្នុងប្រជុំជនក្រុងដើម្បីធានាបាននូវស្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសុវត្ថិភាពសាធារណៈបង្ការអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ។
លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងកាលពីថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៩ថា៖បងប្អូនប្រជាពលរដ្ឋដែលប្រកបអាជីវកម្មលក់ប្រេងឥន្ធនៈ(ដបកាដុង)និងលក់ហ្គាសក្នុងទីប្រជុំជនក្រុងប៉ោយប៉ែតសូមធ្វើការរុះរើទីតាំងរបស់ខ្លួននៅក្រៅក្រុងវិញ។លោកបានបន្តថា៖រដ្ឋបាលក្រុងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអាជីវកម្មទាំងឡាយណាដែលនៅតែបន្តលក់ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នេះតទៅ ។
យោងសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់អាជីវកម្មលក់ប្រេងឥន្ទនៈនិងឧស្ម័នឥន្ទនៈហ្គាសដែលគ្មានច្បាប់អនុញ្ញាតនៅក្នុងទីប្រជុំជនក្រុងប៉ោយប៉ែតចុះថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៩បានឱ្យដឹងថាដើម្បីធានាបាននូវស្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសុវត្ថិភាពសាធារណៈបង្ការអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុសូមបងប្អូនប្រជាពលរដ្ឋមេត្តាអនុវត្តដូចខាងក្រោម ៖
គ្រប់អាជីវកម្មលក់ប្រេងឥន្ទនៈនិងឧស្ម័នឥន្ទនៈហ្គាសដែលគ្មានច្បាប់អនុញ្ញាតក្នុងទីប្រជុំជនក្រុងត្រូវបញ្ឈប់ការលក់ដូររបស់ខ្លួនដោយទៅលក់ដូរនៅក្រៅក្រុងវិញ។ទុករយៈពេលរុះរើរហូតដល់ថ្ងៃទី១ខែមករាឆ្នាំ២០២០ជាកំហិត។ក្នុងរយៈពេលនៃការរុះរើសូមគ្រប់ម្ចាស់អាជីវកម្មត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់និងត្រូវរៀបចំទីតាំងអាជីវកម្មរបស់ខ្លួនឱ្យបានសមស្របតាមបច្ចេកទេស។ចំពោះការទៅលក់ដូរនៅទីតាំងថ្មីក្រៅក្រុងតម្រវមកសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ។
ជាការកត់សម្គាល់ឃើញថាវិធានការនេះកើតឡើងក្រោយមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្លាយជាអគ្គិភ័យដ៏ធំមួយនៅកន្លែងលក់ឧស្ម័នហ្គាសកាលពីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩នៅលើផ្លូវជាតិលេខ៥ចំណុចម៉ុងចិនក្នុងភូមិគីឡូលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលបង្កឱ្យស្ត្រីម្នាក់ឆេះខ្លោចស្លាប់ របួសមនុស្សៈ២នាក់ ។ក៏បាន ឆេះឡាន២គ្រឿង ។ម៉ូតូ៤ គ្រឿង ។
ក្នុងនោះ តូបលក់ហ្គាស់៦ តូប។តូបលក់ចាបហួយ១តូប។តូបជួសជុលម៉ូតូ១តូប។តូបលាងម៉ូតូ១តូប ។តូបស្នាក់នៅ៣តូប។និងធុងផ្ទុកហ្គាស់តូចធំនិងសម្ភារៈមួយចំនួន។បាត់បង់ឬឆេះប្រាក់ខ្មែរ៤.៦០០.០០០រៀល។ប្រាក់បាត២៦.០០០បាត។ប្រាក់ដុល្លា៨.០៥០ដុល្លារ។
គ្រោះថ្នាក់នោះគឺរថយន្តតូចម៉ាកកាម៉ារីឆ្លាមបានទៅបុកម៉ូតូកង់បីហើយបន្តទៅបុកម៉ូតូដែលបញ្ឈទុកនៅលើចឹញ្ចើមផ្លូវដោយអូសជាប់ជនរងគ្រោះម្នាក់ពីមុខរថយន្តរុលទៅបុកផ្ទះតូបលក់ហ្គាស់បណ្តាលផ្ទុះឆេះយ៉ាងសន្ធៅសន្ធៅ ៕
អត្ថបទ៖ រស្មីកម្ពុជា