នំបញ្ចុក អំបុក បង្អែមខ្មែរ និងទូកង ស្ថិតក្នុងបញ្ជីស្នើសុំបញ្ចូលជាបេតិកភណ្ឌពិភពលោកអង្គការ UNESCO។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំបញ្ជីត្រៀម (Tentative List) នៃបេតិកភណ្ឌរូបី អរូបីដែលត្រៀមស្នើសុំបញ្ចូលជាបេតិកភណ្ឌពិភពលោក ដើម្បីបញ្ជូនទៅអង្គការ UNESCO កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ក្នុងនោះ លោក ជុក ជំនោរ ប្រធាននាយកដ្ឋាន និងជាតំណាងក្រសួងទេសចរណ៍ជាសមាជិកក្រុមការងារអន្តរក្រសួងនេះ បានស្នើបញ្ចូល នំបញ្ចុក អំបុក បង្អែមខ្មែរ និងទូកង ក្នុងបញ្ជីត្រៀមបញ្ជូនទៅអង្គការ UNESCO នេះ។
មកដល់ពេលនេះ សម្បត្តិបេតិកភណ្ឌរបស់កម្ពុជាចំនួន ៨ ហើយ ដែលត្រូវបានដាក់ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ ក្នុងនោះ ចែកជាសម្បត្តិវប្បធម៌រូបីមាន ៣ រួមមាន៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក។ រីឯសម្បត្តិវប្បធម៌អរូបីមាន ៥ ក្នុងនោះរួមមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងល្ខោនខោលវត្តស្វាយអណ្តែត៕
អត្ថបទ៖ swiftnews