ប្រភពពីមន្ត្រីនគរបាលខេត្តតាកែវ មួយចំនួនបានខ្សឹបប្រាប់ថា ដោយសារមានលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជាបង្អែករឹងមាំ ទើបលោកឧត្តសេនីយ៍ត្រី វង្ស ហុកលី ស្នងការរងនគរបាលខេត្តតាកែវ ទទួលបន្ទុកផែនសេដ្ឋកិច្ច បានប្រើតួនាទី និងអំណាចរបស់ខ្លួន ប្រមូលលុយតាមរយៈការប្រព្រឹត្តិអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
មន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ មួយចំនួនបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នករណីជនជាតិយួនចូលមកនេសាទ និងប្រើឧបករណ៍ខុសច្បាប់ក្នុងដែនទឹកខ្មែរនៅក្នុងស្រុកអង្គរបុរី និងស្រុកបុរីជលសា គឺជាប្រភព ចំណូលដ៏សំខាន់របស់លោក វង្ស ហុកលី ។ លើសនេះទៅទៀតក្រុមឈ្មួញដែលរកស៊ីនាំចូលទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់ និងទំនិងខុសច្បាប់ ចេញចូលតាមច្រកព្រំដែនខ្មែរ-យួន ជាច្រើនកន្លែងត្រូវបង់លុយឲ្យលោក វង្ស ហុកលី តាមការកំណត់ មិនអាចគេចវេះបានឡើយ។
ក្រុមឈ្មួញដែលនាំចូលទំនិញគេចពន្ធពីស្រុកយួន ឆ្លងកាត់ខេត្តតាកែវ ចូលទៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ត្រូវតែផ្ដល់ប្រយោជន៍ជាប្រចាំសម្រាប់លោក វង្ស ហុកលី ទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងរលូន។ ជាពិសេសក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួន តាមច្រកព្រំដែនទឹក ឬព្រំដែនគោក ក្នុងខេត្តតាកែវ ត្រូវតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក វង្ស ហុកលី ទើបអាចចៀសផុតពីការបង្ក្រាប។
ប្រភពដដែលបានបង្ហើបឲ្យដឹងថា លោក វង្ស ហុកលី តែងប្រើប្រាស់ឈ្មោះលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដើម្បីបិទបាំងទង្វើពុករលួយរបស់ខ្លួនយ៉ាងរលូន។ ប្រសិនបើគ្មានលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជាបង្អែករឹងមាំទេនោះ គឺលោក វង្ស ហុកលី ក៍មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះដែរ។
ចំពោះការចោទប្រកាន់ខាងលើនេះ kbn មិនដឹងថា ជាការពិត ឬយ៉ាងណាទេ ព្រោះមិនអាចសុំការបំភ្លឺពីលោកឧត្តសេនីយ៍ត្រី វង្ស ហុកលី ស្នងការរងនគរបាលខេត្តតាកែវ ទទួលបន្ទុកផែនសេដ្ឋកិច្ច បាននៅឡើយ៕
អត្ថបទ៖ KBN