សត្វក្តាន់ព្រៃ១ក្បាល នៅក្នុងឧទ្យានជាតិឃុនសាថាន នៅខេត្តណាន ភាគខាងជើងប្រទេសថៃ បានងាប់ ដោយនៅក្នុងពោះរបស់វា ពោរពេញទៅដោយកាកសំណល់ប្លាស្ទិច និងខោទ្រនាប់មួយ ។រូបភាពកាកសំណល់ប្លាស្ទិចក្នុងពោះសត្វក្តាន់នេះ ត្រូវបានប្រជាជនថៃ បង្ហោះចែកចាយពេញ នៅលើទំព័របណ្តាញសង្គមនៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ២០១៩ នេះ ។
ក្រុមមន្ត្រីមកពីឧទ្យានឃុនសាថាន បាននិយាយថា ការធ្វើកោសល្យវិច័យលើសត្វក្តាន់ យើងរកឃើញកាកសំណល់សំរាមប្លាស្ទិច មានទម្ងន់ប្រមាណជា០៧គីឡូក្រាម ហើយកាកសំណល់ទាំងនេះ រួមមានទាំងកញ្ចប់កាហ្វេ, កញ្ចប់មីកញ្ចប់, ស្រោមដៃកៅស៊ូ, កន្សែងដៃ, បំណែកមួយនៃខោទ្រនាប់ និងខ្សែប្លាស្ទិច ។
ប្រទេសថៃ មានអ្នកប្រើប្រាស់ថង់ប្លាស្ទិកច្រើន ហើយរដ្ឋាភិបាលប្រទេសមួយនេះ កាលពីខែកញ្ញា ឆ្នាំ២០១៩នេះ បានដាក់ចេញនូវគោលនយោបាយ គ្មានថង់ប្លាស្ទិក ដែលតម្រូវអោយអ្នកលក់រាយ និងក្រុមហ៊ុនផលិតផ្លាស្ទិច និងហាងលក់ទំនិញនានា នឹងឈប់ប្រគល់ថង់ប្លាស្ទិក ឫប្រើតែមួយដល់អតិថិជន ដោយគិតចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំក្រោយនេះតទៅ នៅទូទាំងប្រទេសថៃ ៕
អត្ថបទ៖ KBN