សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាឲ្យមន្ត្រីជាន់ខ្ពស់ទៅពិនិត្យសាលាបឋមសិក្សាមួយកន្លែង នៅក្នុងខេត្តព្រះវិហារ ដើម្បីសាងសង់អគារសិក្សាជាបន្ទាន់ កុំឲ្យជួបការលំបាកជាបន្តទៀត។
សម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទៅពិនត្យដោយផ្ទាល់ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅភូមិអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដែលមានការផ្សព្វផ្សាយពីខ្វះសាលារៀន ហើយកូនសិស្សអង្គុយរៀនក្រោមដើមឈើ និងក្រាលកំរាលតង់រៀន។
កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា អភិបាលស្រុកជាំក្សាន្តលោក ជា គឹមសេង និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត បានទៅមើលជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយផងដែរ ក្រោយឃើញរូបភាពក្មេងៗ អង្គុយរៀន នៅក្រោមដើមឈើ ដោយក្រាលតង់កៅស៊ូ អង្គុយ និងក្រាបសរសេរអក្សរ។
រូបភាពកុមារ មិនមានថ្នាក់រៀន នៅសាលាបឋមសិក្សា អូរជុញ ត្រូវបានអ្នកគ្រូបង្រៀនម្នាក់ ដែលមានហ្វេសប៊ុកឈ្មោះ Hunny Phim បានសរសេរថា «ថ្ងៃនេះ មានរូបភាពកូនៗ អង្គុយរៀន ក្រោមដើមឈើ។ សូមមាតាបិតា បងប្អូនណា ដែលបានឃើញ សូមមេត្ដាជួយឧបត្ថម្ភជា៖ ឈើ ដែក ឬក៏ជាលុយក៏ដោយ មិនកំណត់ទេ។ សាលាបឋមអូរជុញ កំពុងតែរកជំនួយមកធ្វើរោងដោល ២បន្ទប់ មានលេខទំនាក់ទំនង 097 8044 485/ 097 6892 568/ 097 8564 187/ 097 8910 917»៕