ឆ្លើយតបនឹងខ្លឹមសាររួមទាំង រូបភាពកូនសិស្សតូចៗ រៀនក្រោមដើមឈើមើលទៅហាក់ចាក់ដោតខ្លាំងពេកដល់អាជ្ញាធរដែនដីក៏ដូចការិយាល័យឬមន្ទីរក្រសួងពាក់ព័ន្ធនោះ នៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩នេះ លោកអភិបាលស្រុកជាំក្សាន្ដបានចុះទៅដល់ទីតាំងសាលាបឋមសិក្សាអូរជុញនោះជាបន្ទាន់និងបានកោះប្រជុំលោកគ្រូអ្នកគ្រូរួមទាំងមន្ដ្រីការិយាល័យអប់រំស្រុកនេះផងដែរ ដើម្បីដោះស្រាយបញ្ហាបន្ទាន់មួយនេះ ។
ទន្ទឹមនឹងការដោះស្រាយធ្វើរោងដោលឲ្យកូនសិស្សបានរៀនជាបន្ទាន់និងបណ្ដោះអាសន្ននោះ លោកអភិបាលស្រុកក៏បានរកឃើញមូលហេតុធំៗពីរដែលលោកអះថា ទី១អាច លោកគ្រូអ្នកគ្រូចង់បានសាលាឲ្យសិស្សរៀនពិតប្រាកដមែន ទី២ គឺលោកអភិបាលស្រុក ហាក់ចង់ស្ដីបន្ទោសដល់អ្នកបង្ហោះហ្វេសប៊ុកពីរឿងនេះដោយលោកបានលើកឡើងថា ក្រែងអស់លោកបោះឆ្នោតឲ្យគណបក្សប្រជាជននោះអី មិចបានជាទៅបង្ហោះរូបភាពនិងសារបែបនេះចេញទៅវាប្រៀបបាននឹងយើងមានស្រូវពេញជង្រុកនិងអង្ករពេញផ្ទះទៅហើយបែរជាឲ្យកូនចៅដើរសុំទានគេទៅវិញ បើអស់លោកមិនធ្វើរបាយការណ៍ឲ្យការិយាល័យអប់រំស្រុក ដឹងផងតើអ្នកណាទៅដឹងថាខ្វះខាតអីចង់បានអីនោះ ។
ប៉ុន្ដែយោងតាមខ្លឹមសារដែលលោកគ្រូក្នុងសាលនេះម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ “Soklim Sim “ក៏បានសរសេររៀបរាប់បញ្ជាក់ដែរថា “លើសហើយកូនៗ ស៊ូៗ បើមិនរៀនអីចឹងទេគ្មានសាលារៀនទេ លោកគ្រូអ្នកគ្រូអស់លទ្ធភាពក្នុងការសុំអស់លោកអស់អ្នកហើយ ព្រោះថាគ្មានអ្នកណាមើលឃើញពីភាពលំបាករបស់កូនៗ នឹងលោកគ្រូអ្នកគ្រូទេ”។
បើយោងតាមការលើកឡើងនៅក្នុងខ្លឹមសារនេះឃើញថាលោកគ្រូអ្នកគ្រូនៅក្នុងសាលានេះលោកខិតខំប្រឹងប្រែងទំនាក់ទំនងសុំអស់លោករួចហើយតែគ្មានអ្នកណាមើលឃើញនោះទេ មិនមែនលោកគ្រូអ្នកគ្រូទាំងនោះបង្ហោះភ្លាមនោះឡើយពោលគឺគាត់ទំនាក់ទំនងសុំអស់លោកអស់លទ្ធភាពសុំទៅហើយទើបពួកគាត់សម្រេចធ្វើបែបនេះ ។
ជាមួយគ្នានេះលោកអភិបាលស្រុកក៏ដឹងហើយថា មកពីប្រធានការិយាល័យឲ្យបង្ហោះបែបនេះចុះហេតុអីលោកអភិបាលស្រុកមិនព្រមសួរទៅប្រធានការិយាល័យអប់រំស្រុកនោះមើលថាតើលោកគ្រូអ្នកគ្រូធ្លាប់និយាយប្រាប់ឬក៏ស្នើសុំដែរទេ តើមូលហេតុអីបានជាប្រធានការិយាល័យឯកភាពឲ្យបង្ហោះបែបនេះទៅវិញ បើគិតមិនខុសទេដោយសារតែពិបាកស្នើរសុំពេកអីចឹងហើយបានជាពួកគាត់លេង១ក្បាច់ឲ្យណាណីម្ដងទៅ ។
មានអីដល់ពេលបង្ហោះសារផ្អើលដល់គ្រប់មជ្ឈដ្ឋានអីចឹងទៅសិស្សានុសិស្សឆាប់បានសាលារៀនសមរម្យនិងគេនិងឯហអីចឹងទៅ គួតែសសើរវរភាពអ្នកគ្រូបង្រៀនឯណោះវិញទៅល្អជាង តិចថាអស់លោកស្ដីបន្ទោសគាត់ទៀតចុះ ថាគាត់ធ្វើឲ្យអស់លោកអាជ្ញាធរពាក់ព័ន្ធបាក់មុខមាត់នោះ មេត្តាកុំលាបពណ៍ដាក់ អ្នកគ្រូឲ្យសោះណា ព្រោះអស់លោកពូកែលាបពណ៍ស្រាប់ផង ព្រោះគាត់ធ្វើដើម្បីក្មេងៗបានសាលារៀនសមរម្យនិងគេតែប៉ុណ្ណោះ ។
សូមរម្លឹកថា នៅសាលាបឋមសិក្សា អូរជុញ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពុំទាន់មានថ្នាក់រៀនគ្រប់គ្រាន់នៅឡើយទេ។ សព្វថ្ងៃ ក្មេងៗ បានអង្គុយរៀន នៅក្រោមដើមឈើ ដោយក្រាលតង់កៅស៊ូ អង្គុយ និងក្រាបសរសេរអក្សរ។ រូបភាពកុមារ មិនមានថ្នាក់រៀន នៅសាលាបឋមសិក្សា អូរជុញនេះ ត្រូវបានអ្នកគ្រូបង្រៀនម្នាក់ ដែលមានហ្វេសប៊ុកឈ្មោះ Hunny Phim បានសរសេរថា «ថ្ងៃនេះ មានរូបភាពកូនៗ អង្គុយរៀន ក្រោមដើមឈើ។ សូមមាតាបិតា បងប្អូនណា ដែលបានឃើញ សូមមេត្ដាជួយឧបត្ថម្ភជា៖ ឈើ ដែក ឬក៏ជាលុយក៏ដោយ មិនកំណត់ទេ។ សាលាបឋមអូរជុញ កំពុងតែរកជំនួយមកធ្វើរោងដោល ២បន្ទប់ »។
ពាក់ព័ន្ធរឿងនេះមហាជនមានការចាប់អារម្មណ៍ខ្លាំងណាស់ ដោយបាននាំគ្នាស៊ែរពេញបណ្ដាញសង្គមអាចនិយាយបានថាម្នាក់ៗស៊ែរស្ទើរបែកម្រាមដៃអមដោយសារអាណិតក្មេងៗជាពន់ពេក ដោយមានអ្នកខ្លះលើកឡើងថាមិនគួសោះខណៈខេត្តមួយនេះសម្បូរធន់ធានព្រៃឈើសម្បើមណាស់មិនគួណាអត់សាលាឲ្យកូនចៅរៀនសូត្រស្រួលអីចឹងនោះទេ ។ តែពេលនេះបានលោកអភិបាលស្រុកចុះទៅដោះស្រាយជូនកូនក្មួយទាំងនោះប្រហែលជា២សប្ដាហ៍ទៀតប៉ុណ្ណោះក្មួយៗនិងមានកន្លែងអង្គុយរៀនសមរម្យបណ្ដោះអាសន្នជាក់ជាមិនខានឡើយ តែមុននឹងបានសាលានេះលោកគ្រូអ្នកគ្រូសង្ស័យតែស្ពឹកមុខនិយាយមិនចេញផងក៏ថាបាន ៕
អត្ថបទ៖ PN