លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើឱ្យសមត្ថកិច្ច ដែលបម្រើការងារនៅតាមច្រកទ្វារ បន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលបដិសណ្ឋារកិច្ច ផ្តល់សេវាកម្មប្រកបដោយគុណភាព ទឹកមុខញញឹម និងរួសរាយរាក់ទាក់ ដោយមិនបង្កភាពលំបាកដល់ភ្ញៀវទេសចរ ក្នុងក្បួនរថយន្តទេសចរណ៍ (Caravan Tours) មកពីប្រទេសចិន។
ក្បួនរថយន្តទេសចរណ៍ Caravan Tours បានចេញដំណើរពីទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន នាថ្ងៃទី២៥ ខែវិច្ឆិកា និងបានមកដល់រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ដោយមានរថយន្តធំៗ ដែលមានទាំងបន្ទប់គេងសរុបចំនួន ២០គ្រឿង។
ក្បួនរថយន្តទេសចរណ៍ ឬហៅថា Caravan Tours គឺជាគំនិតច្នៃប្រឌិតថ្មីមួយដ៏សំខាន់ក្នុងការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងប្រទេសចិន ឡាវ និងកម្ពុជា ដែលត្រូវធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនជាចាំបាច់ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ។
Caravan Tours នេះត្រូវបានប្រារព្ធធ្វើពិធីបើកជាផ្លូវការនៅទីក្រុងគុនមីង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន លោក រ័ន ចេងហ្វា អភិបាលខេត្តយូណាន ដោយមានការចូលរួមពីសំណាក់លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ព្រមទាំងលោក ភូឃុង វ៉ាន់ណាវង្ស អភិបាលរងក្រុងវៀងច័ន្ទ។
ក្នុងនោះ តំណាងភាគីចិន បានចាត់ទុកក្បួនរថយន្តទេសចរណ៍បើកបរដោយខ្លួនឯងនេះ គឺជាគំនិតច្នៃប្រឌិតថ្មីមួយក្នុងការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងប្រទេសចិន ឡាវ និងកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាក្នុងវិស័យទេសចរណ៍ ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។
ជាមួយគ្នានោះ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានចាត់ទុកក្បួនរថយន្តទេសចរណ៍នេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀត ដើម្បីអបអរសាទរដល់ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៩ និងផ្ដល់នូវប្រសិទ្ធភាពមួយក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកទស្សនាប្រទេសកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។
អនុរដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ថា ការមកដល់នៃក្បួនរថយន្តទេសចរណ៍នេះ ជាការជំរុញឱ្យភ្ញៀវទេសចរ ដែលចូលចិត្តធ្វើដំណើរបើកបរខ្លួនឯង អាចប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនបាន ដោយឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិនានានៅកម្ពុជា ដោយមិនចាំបាច់ស្នើសុំមកក្រសួងទេសចរណ៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទៀតឡើយ។ ក្នុងនោះ ពួកគាត់អាចបំពេញបែបបទប្រតិវេទន៍គយសង្ខេប ជាមួយមន្ត្រីគយនៅតាមច្រកទ្វារ ដោយមិនមានការតម្កល់ប្រាក់និមុត្តិធានា និងបង់ប្រាក់ធានារ៉ាប់រងឡើយ។
ក្បួនរថយន្តទេសចរណ៍នេះ ត្រូវបានរៀបចំឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងផ្លាស់ប្ដូរវប្បធម៌ និងទេសចរណ៍ក្នុងក្របខណ្ឌមេគង្គ-ឡានឆាង និងដើម្បីអបអរសាទរឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៩ ក្រោយពីមានជំនួបរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន កាលពីដើមឆ្នាំ២០១៩។
តាមការគ្រោងទុក ក្បួនរថយន្តទេសចរណ៍នេះ នឹងត្រូវឆ្លងកាត់ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប មុនពេលត្រឡប់ទៅកាន់ទីក្រុងគុនមីងវិញ ដែលមានរយៈពេលសរុបចំនួន ២៧ថ្ងៃ ក្នុងរយៈចម្ងាយទាំងទៅទាំងមកប្រមាណ ៥,៧២០គីឡូម៉ែត្រ៕
អត្ថបទ៖ clicknews