ទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយចំនួន០៤ទីកន្លែង នៅស្រុកបាទី ត្រូវបានកម្លាំងចម្រុះដែលមានមន្ត្រីកាំកុងត្រូល មន្ត្រី នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត រួមជាមួយសមត្ថកិច្ច និងអាជ្ញាធរស្រុកបាទី បានធ្វើការចុះបង្ក្រាបសាជាថ្មី ក្រោយបែកធ្លាយព័ត៌មាន និងមានការរិះគន់ចំៗថា អាជ្ញាធរពាក់ព័ន្ធបិទភ្នែកបើកដៃឲ្យឈ្មួញលួចផលិត បើទោះបីជាមានការហាមឃាត់យ៉ាងដាច់ខាតពីថ្នាក់លើនាពេលកន្លងមកក៏ដោយ។
ការភ្ញាក់ខ្លួនសាជាថ្មី ក្រោយបែកធ្លាយនូវទីតាំងផលិតស្ករត្នោតក្លែងក្លាយ រហូតធ្វើឲ្យមន្ត្រីជំនាញពាក់ព័ន្ធខេត្តតាកែវ ញាប់ដៃញាប់ជើង សហការគ្នាចុះទៅបង្ក្រាបទីតាំង០៤កន្លែង ស្ថិតក្នុងភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដើម្បីស្រាយមន្ទិលពីមហាជន បិទបាំងនូវភាពអសកម្មរបស់ខ្លួននាពេលកន្លងមក។
ករណីស្ករត្នោតក្លែងក្លាយនេះ លោក ភួន ឈីម អភិបាលស្រុកបាទី បាននិយាយលាងខ្លួនថា ការលួចផលិតស្ករត្នោតក្លែងក្លាយនេះ កន្លងមកអាជ្ញាធរស្រុកបាទី បានកោះហៅម្ចាស់ទីតាំងផលិតមកអប់រំ និងបានចុះបង្ក្រាបជាច្រើនលើកច្រើនសាមកហើយ ក៏ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែបន្តលួចផលិត បើទោះបីជាដឹងថា នេះជាទង្វើខុសច្បាប់យ៉ាងណាក៏ដោយ ដោយពួកគាត់លើកឡើងថា គ្មានមុខរបរធ្វើក្រៅពីរបរនេះទេ។
លោកអភិបាលស្រុកបានបន្តថា ការយកស្ករសមកកែច្នៃជាស្ករត្នោតដាក់លក់នៅលើទីផ្សារនេះវាជាទង្វើខុសច្បាប់ ដូច្នេះអាជ្ញាធរស្រុក និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តបង្ក្រាប ដោយមិនអនុញ្ញាតឲ្យមានការកែច្នៃដោយខុសច្បាប់នេះកើតឡើងទៀតនោះទេ ហើយអ្នកដែលបន្តលួចផលិត បើអាជ្ញាធរចាប់ខ្លួនបាន នឹងត្រូវបញ្ជូនទៅតុលាការចាត់ការទៅតាមច្បាប់ដោយគ្មានការយោគយល់ទៀតឡើយ។
ដោយឡែក ប្រភពពីមន្ត្រីសាលាស្រុកបាទីបានបង្ហើបថា ការចុះបង្ក្រាបនេះ កម្លាំងចម្រុះធ្វើតែមួយឃុំទេ គឺឃុំកុមារាជា ចំណែកឃុំដទៃដែលកំពុងលួចផលិត គឺមិនបានចុះបង្ក្រាបឡើយ ហើយការចុះបង្ក្រាបនេះសោត គឺបានតែ០៤កន្លែងប៉ុណ្ណោះ នៅសល់ជាង៤០កន្លែងទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរពាក់ព័ន្ធបានចុះបង្ក្រាប់ទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយ០៤កន្លែង និងបានរឹបអូសវត្ថុតាងមាន ៖ ម៉ូទ័រ១១គ្រឿង ស្ករត្នោតកែច្នៃសម្រេច១០៩ធុងស្ពេត្រូ ខ្ទះកូរស្ករ២០ ជញ្ជីង០៤ កាកស្ករ១៣៧បាវ រថយន្តសាំយ៉ុង០២គ្រឿង រថយន្តកូរ៉េ០១គ្រឿង និងសម្ភារៈមួយចំនួនទៀតផងដែរ៕
អត្ថបទ៖ កម្ពុជាថ្មី