ក្រោយពីផ្ទុះទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយ ចាប់កំណើតវិញសាជាថ្មីនៅស្រុកបាទី ធ្វើឲ្យមានការផ្អើលពេញផ្ទៃប្រទេសមកនោះ គឺនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ ដោយសហការជាមួយមន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត លោកអភិបាលស្រុក និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន៤ទីតាំង នៅឃុំកុមារាជា ស្រុកបាទី ។
នៅក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញបានធ្វើការដកហូត ស្ករនៅក្នុងធុងស្ពេត្រូ ចំនួន ១០៩ធុង, កាកស្ករអំពៅ ចំនួន១៣៧ប៉ាវ, ម៉ូទ័រចំនួន១១គ្រឿង, រថយន្តម៉ាកសាំងយ៉ុង ចំនួន២គ្រឿង, រថយន្តកូរ៉េ ១តោន ចំនួន១គ្រឿង, ខ្ទះកូរ ចំនួន២០, ជញ្ជីង ចំនួន៤, ធុងដែក ចំនួន៤ ។
សមត្ថកិច្ចមន្ត្រីជំនាញ បញ្ជាក់ថា សម្ភារ:ទាំងនោះយកមករក្សាទុកនៅសាលាស្រុកបាទី ហើយគណ:កម្មាបានឯកភាពគ្នាធ្វើការដុតបំផ្លាញចោលទំនិញទាំង២មុខ ដែលបានដកហូតពី៤ទីតាំង ភ្លាមៗ នៅក្នុងបរិវេណសាលាស្រុកបាទី។
ក្រោយពីផ្ទុះករណីបទល្មើសផលិតស្ករត្នោតក្លែងក្លាយម្តងជា២ដង នៅស្រុកបាទី បានល្បីសុសសាយពេញផ្ទៃប្រទេស និងធ្វើឲ្យលោកអភិបាលស្រុកបាទី គឺលោកភួន ឈីម បាក់មុខមាត់មិនស្ទើរឡើយ ព្រោះបទល្មើសដដែលៗកើតមានក្នុងដែនសមត្ថកិច្ចរបស់លោកគ្រប់គ្រង។ តែយ៉ាងណា កន្លងមកលោកអភិបាលស្រុកវ័យក្មេងនេះ ធ្លាប់អញ្ជើញម្ចាស់ទីតាំងផលិតស្ករត្នោ នៅក្នុងស្រុកបាទី មកអប់រំដែរ។
លោក ភួន ឈីម អភិបាលស្រុកបាទី បានបញ្ជាក់ថា បញ្ហាលួចផលិតស្ករត្នោតក្លែងក្លាយ ដោយយកស្ករសលាយជាមួយទឹកនិងប្រេងឆា មកកែច្នៃជាស្ករត្នោតនេះ កន្លងមកអាជ្ញាធរស្រុកបាទី បានហៅម្ចាស់ទីតាំងផលិតទាំងជាង៤០ទីតាំង នៅក្នុងស្រុកបាទីមកអប់រំ និងបានចុះបង្ក្រាបជាច្រើនលើកច្រើនសារមកហើយ ក៏ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែបន្តលួចលាក់ផលិត។
លោកអភិបាលស្រុកបាទី បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលលួចលាក់ផលិតស្ករត្នោតក្លែងក្លាយនេះ ឲ្យបញ្ឈប់សកម្មភាពខុសច្បាប់តទៅទៀត ហើយងាកទៅប្រកបមុខរបផ្សេងដែលត្រឹមត្រូវទៅតាមច្បាប់ ព្រោះវាបានបំផ្លាញសុខភាពបងប្អូនប្រជាពលរដ្ឋ ដែលទិញស្ករនេះទៅប្រើប្រាស់ធ្ងន់ធ្ងរណាស់៕
អត្ថបទ៖ KBN