រដ្ឋបាលសាលាក្រុងសិរីសោភ័ណថា នឹងចាប់ផាកពិន័យអ្នក ដែលចោលសំរាមអនាធិបតេយ្យចាប់ពីឆ្នាំ២០២០ តទៅ។ នេះបើយោងតាមការលើកឡើងក្នុងកិច្ចប្រជុំពង្រឹងការងារសណ្ដាប់ធ្នាប់ និងបរិស្ថានកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាក្រុងសិរីសោភ័ណ។
លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បាននិយាយក្នុងកិច្ចប្រជុំនោះថា ដើម្បីឲ្យមានសោភ័ណភាព និងបានចូលរួមប្រឡងប្រណាំងទីក្រុងស្អាតឆ្នាំ២០២០ ក្លាយជាទីក្រុងបៃតង និងឲ្យក្រុងអាចទាក់ទាញភ្ញៀវជាតិអន្តរជាតិមកទស្សនា ហើយស្នាក់នៅយូរ គឺមានតែរួមគ្នាសំអាតក្រុង។
លោកបានបញ្ជាក់បន្តថា រយៈពេលកន្លងមកបញ្ហាសំរាមនៅក្រុងសិរីសោភ័ណ ជាពិសេសក្រុមហ៊ុនអនាម័យដូចមានការយឺតយ៉ាវក្នុងការដើរយកសំរាមនៅតាមផ្សារ និងផ្ទះល្វែង ហើយមានប្រជាពលរដ្ឋមួយចំនួនតូច ដែលយកសំរាមទៅបោះចោលតាមចិញ្ចើមផ្លូវ និងតាមព្រៃ បណ្ដាលឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ បរិស្ថាននិងសុខភាពប្រជាពលរដ្ឋឆ្លងកាត់ និងរស់នៅក្បែរនោះយ៉ាងខ្លាំង ហេតុនេះទើប រដ្ឋបាលក្រុងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសំអាត និងបរិស្ថានឲ្យបានគ្រប់។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា មន្ត្រីសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទុកដាក់សំរាមឲ្យមានរបៀប និងសណ្ដាប់ធ្នាប់ល្អ។ នៅឆ្នាំ២០២០ខាងមុខនេះ រដ្ឋបាលក្រុង នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងដល់ប្រជាពលរដ្ឋឬអ្នកណាក៏ដោយ ដែលយកសំរាមបោះចោលអនាធិបតេយ្យ គ្មានសណ្ដាប់ធ្នាប់ នឹងត្រូវផាកពិន័យ ឬប្រើវិធានការទាល់តែរាងចាល ហើយខ្មាសគេយ៉ាងខ្លាំង ទៀតផង៕
អត្ថបទ៖ កម្ពុជាថ្មី