នារីម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងឪពុកម្តាយតិចតួច ក៏ស្រាប់តែអន់ចិត្តអន់ថ្លើមរត់ចេញពីផ្ទះបាត់ ធ្វើឱ្យឪពុកម្តាយភ័យខំតាមស្វែងរកសព្វកន្លែងអស់រយៈពេល៧ថ្ងៃ តែមិនឃើញ ទើបប្រកាសតាមរកកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។
កូនស្រីដែលខឹងឪពុកម្តាយ រត់ចេញពីផ្ទះបាត់ដោយគ្មានដំណឹងអស់រយៈពេល៧ថ្ងៃ មានឈ្មោះអ៊ាន ស្រីដា អាយុ២៦ឆ្នាំ មានលំនៅក្នុងឃុំក្តីថ្ម ស្រុកស្រីសន្ធរ។ នារីខាងលើបានបាត់ចេញពីផ្ទះ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
តាមការបញ្ជាក់ពីក្រុមគ្រួសារបានរៀបរាប់ឱ្យដឹងថា នៅមុនពេលដែលកូនស្រីពួកគាត់បាត់ខ្លួន គាត់មានការឈ្លោះទាស់ទែងជាមួយនឹងក្រុមគ្រួសារបន្តិចបន្តួច ហើយក៏បានរត់ចេញពីផ្ទះតែម្តង មិនដឹងថាទៅទីណានោះទេ។
ពេលនេះម្តាយមានការព្រួយបារម្ភជាខ្លាំងអំពីកូនស្រីដែលបានបាត់ទៅ សូម្បីតែបាយក៏មិនបានហូប ទឹកក៏មិនបានផឹក គិតតែស្រែកទ្រហោយំ ពេលនេះម្តាយនិងឪពុកធ្លាក់ខ្លួនឈឺព្រោះតែនឹកបារម្ភពី កូនស្រីខ្លាំងពេក ហើយពេលនេះពួកគាត់ជាឪពុកម្តាយមិនចង់បានអ្វីច្រើនទេ សុំឱ្យតែកូនស្រីត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពគឺគ្រប់គ្រាន់ ហើយទោះបីជាកូនចង់បានអ្វីក៏ដោយម្តាយយល់ព្រមគ្រប់យ៉ាងសូមឱ្យតែកូនត្រឡប់មកផ្ទះវិញតែប៉ុណ្ណោះ។
ជាមួយនេះ ឪពុកម្តាយរបស់នារីខាងលើ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រទះឃើញកូនស្រីពួកគាត់ ដែលមានភិនភាគដូចក្នុងរូបថតខាងលើ សូមទំនាក់ទំនងផ្តល់ដំណឹងដល់ក្រុមគ្រួសារគាត់ តាមរយៈទូរស័ព្ទលេខ ០៩២ ៣១ ០២ ៤៩, ០៦៩ ៩៤ ៤៦ ៩៨ និង ០៨៨ ៥១ ០៨ ៦២៧ ដោយក្តីអនុគ្រោះ៕
អត្ថបទ៖ នគរធំ