មង្គលការបស់សួស វីសា ពិតជាមិនចាញ់ប្អូនថ្លៃរបស់ថៅកែហង្សមាស ឱក សុគន្ធកញ្ញា រៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ នោះទេ ព្រោះកម្មវិធីជប់លៀងធំកាលពីព្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅដឺព្រេមៀ សែនធ័រ សែនសុខ រាជធានីភ្នំពេញនោះ មានតារាប្រុសស្រីល្បីៗរាប់រយនាក់ចូលរួមអបអរសាទរ។
សួស វីសា ថ្លែងថា នៅទីបំផុតនាងបានសម្រេចបំណងរៀបការជាមួយមនុស្សជាទីស្រលាញ់ ហើយអ្វីដែលកាន់តែរំភើបថែមទៀតនោះ នាងមានឪពុកម្តាយក្មេកដែលស្រលាញ់នាងដូចកូនបង្កើតអ៊ីចឹង។
វីសា បន្តថា មានស្វាមីល្អ ឪពុកម្តាយក្មេកស្រលាញ់ តើនារីណាទៅដែលមិនចង់បានដូចនាង ?
ចំណែកស្វាមីរបស់វីសា លោកថមមី វិញ បន្ថែមថា កន្លងមកខ្ញុំឮគេថា អ្នកសិល្បៈស្រលាញ់គ្នាយកគ្នាប្តីប្រពន្ធមិនដែលបានយូរទេ គឺបានតែមួយឆាវក៏លែងគ្នាវិញ។ ឥឡូវចាំមើលពួកខ្ញុំម្តង ថាស្រលាញ់គ្នាបានដល់ពេលណា? ខ្ញុំសន្យាថានឹងស្រលាញ់ប្រពន្ធខ្ញុំដល់ចាស់កោងខ្នង ព្រោះពួកយើងទាំង២យល់ចិត្តគ្នាច្បាស់ណាស់។ តាំងពីយើងនៅជួបជីវភាពខ្វះខាតរហូតដល់យើងមានជីវភាពសមរម្យ គឺយើងយល់ពីគ្នាច្បាស់ណាស់ហើយការរៀបការនៅពេលនេះ ទោះជាខ្ញុំនិងភរិយាជាអ្នកសិល្បៈដូចគ្នាក្តី ប៉ុន្តែពួកយើងមិនខ្លាចធ្លាក់កូដទេ ព្រោះខ្ញុំប្រកាន់ទស្សនៈមួយថាត្រូវតែបំពេញក្តីសុបិនខ្លួនឯងឱ្យក្លាយទៅជាការពិត មិនត្រូវរស់ក្នុងក្តីសុបិនជារៀងរហូតទេ។
សួស វីសា កាន់តែរំភើបខ្លាំងនៅពេល ដែលត្រូវស្វាមីសន្យារក្សាចំណងស្នេហានិងស្រលាញ់តែនាងម្នាក់អស់១ជីវិតបែបនេះ។
វីសា បន្ថែមថា សម្រាប់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសបារាំង និងប្រទេសនៅប៉ែកអឺរ៉ុប ដល់ទៅ៧ប្រទេសផ្សេងទៀតនោះ នាងត្រៀមចំណាយថវិកាជាង១ម៉ឺនដុល្លារ ហើយប្រើរយៈពេលជាង២សប្តាហ៍ ទើបវិលមកស្រុកវិញនិងបន្តអាជីពសិល្បៈធម្មតានៅចុងខែធ្នូ ព្រមទាំងត្រៀមសម្ពោធ ហាងសម្លៀកបំពាក់មួយផងដែរ៕
អត្ថបទ៖ នគរធំ