ជាញឹកញាប់នៅតាមទីសាធារណៈក្នុងប្រទេសថៃ មានសួនច្បារ ផ្សារទំំនើប និងរមណីដ្ឋានជាដើម គេតែងតែឃើញស្លាក់ហាមចោលសំរាម មានសរសេរភាសាថៃច្រើនជាង ក្នុងនោះដែរ គេក៏ឃើញមានទាំងភាសាអង់គ្លេស ភាសាចិន និងភាសាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនទៀតផងដែរ ដែលអាជ្ញាធរនៃក្រសួងបរិស្ថានថៃ បានដាក់ដើម្បីកុំឲ្យប្រជាជនថៃ ក៏ដូចភ្ញៀវទេសចរណ៍បរទេស ចោលសំរាមផ្ដេសផ្ដាស មានកន្លែងខ្លះអាចផាកពិន័យ ពី៥០០បាត ដល់២,០០០បាត ថែមទៀតផង ។
ប៉ុន្តែនៅថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលឃើញរូបភាពមួយបង្ហាញថា ស្លាកសញ្ញាពាក្យ«ហាម!ចោលសំរាម»ត្រូវបានបិទដាក់បម្រាម នៅក្នុងប្រទេសថៃ ដែលមានសរសេរជាអក្សរថៃ និងអក្សរខ្មែរនៅផ្នែកខាងក្រោម ។
ក្រោយរូបភាពមួយសន្លឹកនេះ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យមហាជនខ្មែរជាច្រើនចូលបញ្ចេញមតិយោបល់ ព្រោះស្លាកសញ្ញាពាក្យ«ហាម!ចោលសំរាម»នេះ ពិតជាកម្រឃើញនៅប្រទេសដទៃណាស់ ភាគច្រើនស្លាកបម្រាមនេះសំបូរនៅស្រុកខ្មែរ ដែរប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ល្បីខាងអត់មារយាទ ដៃងាយពង្រាយសំរាមពាសវាលពាសកាល បោះចោលផ្ដេសផ្ដាស មិនចេះទុកដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវទេ ។
សំនួរជាច្រើន ត្រូវបានចោទសួរតាមរយៈរូបភាពមួយនេះ ដែលប្រទេសថៃ ហាម!ចោលសំរាម ជាភាសាខ្មែរ ។ តើនេះមានន័យដូចម្ដេច ? តើក្រោយឃើញរូបភាពបែបនេះ ហើយអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណាដែរ ? ហេតុអ្វីបានជាគេសរសេរ “ហាមចោលសំរាម” ជាអក្សរខ្មែរនៅប្រទេសថៃ ?អូ
អត្ថបទ៖ KBN