ប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តសៀមរាប បានការត្អូញត្អែតម្លៃស្រូវ ត្រូវបានក្រុមឈ្មួញបញ្ចុះ តម្លៃ ទៅតាមតែអំពើចិត្ត ។ តាមការបញ្ជាក់របស់របស់ប្រជាកសិករ ដោយមិនបានបញ្ចេញឈ្មោះ ស្ថិតនៅក្នុងឃុំ សែន សុខ ស្រុក ក្រឡាញ់ ខេត្តសៀមរាប បានឲ្យដឹងថា នៅដើមរដូវបង្កបង្កើនផលស្រូវតម្លៃស្រូវបានធ្លាក់ចុះខ្លាំង។
ប្រជាកសិករសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា ក្រុមឈ្មួញចុះមកប្រមូលទិញផលស្រូវ បានទម្លាក់់តម្លៃទាប តាមតែអំពើចិត្ត ហើយទូទាត់ថ្លៃចំណាយទៅមិនបានរួចតម្លៃថ្លៃជី និង ថ្លៃច្រូតកាត់ផង ។ កសិកររូបនោះ សំណូមពរដល់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ស្រុក សូមជួយឲ្យ អន្តរាគមន៍ ចំពោះតម្លៃនៃស្រូវរបស់ប្រជាកសិករ កុំឲ្យក្រុមឈ្មួយទម្លាក់ថ្លៃខ្លាំងពេក ព្រោះប្រជាកសិកបានខិតខំ បង្ហូរញើស ក្រោមកម្តៅថ្ងៃ ហាលភ្លៀង ដោយគ្មានពេលល្ហែរ ដើមី្បបង្កបង្កើនផលចិញ្ជឹមជីវិត ។ ម៉្យាងទៀតក៏សុំឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សារ និង កំណត់តម្លៃឲ្យបានច្បាស់ ងាយស្រួលដល់ប្រជាកសិករ កុំឲ្យក្រុមឈ្មួញធ្វើទៅតាមអំពើចិត្តនោះ ។
តាមការបញ្ជាក់ របស់ស្រ្តីជាឈ្មួញកណ្តាលប្រមូលទិញស្រូវពីប្រជាពលរដ្ឋ សុំកុំឲ្យបញ្ចេញឈ្មោះ បានប្រាប់ថា ការប្រមូលទិញស្រូវនេះ គឺតម្លៃទៅតាមប្រភេទស្រូវ ចំពោះស្រូវម្លឹះក្រហម ១គីឡូ ក្រាម តម្លៃ ១ពាន់៨០០រៀល , ស្រូវម្លឹះស ១គីឡូក្រាម តម្លៃ ៧០០រៀល ។
យោងទៅតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្ត បានបញ្ជាក់ថា ការប្រមូលផលស្រូវ វស្សាបានសរុប ១២៩ពាន់៧០៣ហិកតា ទិន្នផលជាមធ្យម ២,១៩៥តោន ក្នុងមួយហិកតា បរិមាណផលសរុប ២៨៤ពាន់ ៨១៣តោន ក្នុងនោះស្រូវស្រាល ចំនួន ៣៦ពាន់២៧៨ហិកតា ទិន្នផលជាមធ្យម ១,៨៧៧តោនក្នុងមួយហិកតា បរិមាណ ផលសរុប ៦៨ពាន់៩១តោន , ស្រូវចំការ ចំនួន ១ពាន់៩២៥ហិកតា ទិន្នផលជាមធ្យម ២,០៧០តោន ក្នុងមួយហិកតា បរិមាណផល ៣ពាន់៩៨៥តោន , ស្រូវកណ្តាល ចំនួន ៩១ពាន់៥០០ហិកតា ទិន្នផលជាមធ្យម ២,៣២៥តោន ក្នុងមួយហិកតា បរិមាណផល ២១២ពាន់៧៣៧តោន ។ ក្នុងនោះដែរតម្លៃស្រូវក្រអូបស្ងួត ១គីឡូក្រាម តម្លៃ ១ពាន់៥០០រៀល , ស្រូវក្រអូបស្មើម ១គីឡូក្រាម តម្លៃ ១ពាន់៥០រៀល , ស្រូវចម្រុះស្ងួត ១គីឡូក្រាម តម្លៃ ៩៥០រៀល , ស្រូវចម្រុះសើម ១គីឡូក្រាម តម្លៃ ៨៥០រៀល ។
តាមការបញ្ជាក់របស់ជំនាញកសិកម្មលើដំណាំស្រូវ ដើមី្បឲ្យស្រូវរបស់ប្រជាកសិករមានទីផ្សារ និងមានតម្លៃខ្ពស់នោះ គឺសូមឲ្យបងប្អូនប្រជាកសិករ ចេះជ្រើសរើសគ្រប់ពូជស្រូវ ដើមី្បតម្រូវការទៅតាមទីផ្សារ ព្រមទាំងឲ្យចេះចងក្រងក្រុម ក្នុងការបង្កបង្កើនផល ជៀសវាងការចម្លងពូជស្រូវពីស្រែមួយទៅស្រែមួយ ដែលធ្វើឲ្យស្រូវបងប្អូនមានលក្ខណៈគ្រាប់ស្រូវចម្រុះ ដោយក្នុងតំបន់វាលស្រែនោះ ធ្វើស្រែមានពូជស្រូវគ្រប់ប្រភេទ ដែលបង្កឲ្យស្រូវបងប្អូនក្លាយ មិនសុទ្ធដូចគ្រាប់ ពូជដែលបានធ្វើនោះឡើយ ៕
អត្ថបទ៖ កម្ពុជាថ្មី