នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ស៊ុន សុភ័គ្រ បានសុំឱ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ ឱ្យបានម៉ឺងម៉ាត់លើឈ្មោះ ជា សុវណ្ណនី និងសុំទាមទារឲ្យឈ្មោះ ជា សុវណ្ណនី ប្រគល់ប្រាក់ត្រឹមតែ ៦០ម៉ឺនដុល្លារ ជូនមកលោកវិញ ព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នាំស្វាយចេញទៅក្រៅប្រទេសម្នាក់ ត្រូវដៃគូបោកលុយជិត ៩០ម៉ឺនដុល្លារ ក្រោមរូបភាពដាក់ទុនវិនិយោគរួមគ្នា ដោយជនឆបោករូបនេះ បានព្យាយាម គេចវេស មិនព្រមចូលខ្លួនមកដោះស្រាយតាមការសម្របសម្រួល និងតាមការកោះហៅរបស់មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញនោះឡើយ។
ជនឆបោកដែលរងការប្តឹងនេះមានឈ្មោះ ជា សុវណ្ណនី ហៅ ហួត សុវណ្ណនី អាយុ៣៧ឆ្នាំ បច្ចុប្បន្នផ្ទះជួលម្តុំវត្តទួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានលោក ស៊ុន សុភ័គ្រ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ស៊ី.អេ.ប៊ី (ខេមបូឌា) តាមរយៈមេធាវីបានដាក់ពាក្យបណ្តឹងពីបទ «រំលោភលើទំនុកចិត្ត» ក្រោមរូបភាពដាក់ទុនវិនិយោគរួមគ្នា ដោយឆកបោកយកប្រាក់អស់ ជាង ៨៨ម៉ឺនដុល្លារ កាន់ទៅអាវុធហត្ថរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងបណ្តឹងពីបទ «រំលោភលើទំនុកចិត្ត» នេះ សារព័ត៌មានយើងខ្ញុំ មិនអាចសុំការបំភ្លឺពីសំណាក់លោក ជា សុវណ្ណនី បាននោះទេ ដោយសារទូរស័ព្ទទាំងពីរប្រព័ន្ធតេទៅជាច្រើនដង គ្មានអ្នកលើក៕
អត្ថបទ៖ អរិយធម៌