ថ្មីៗនេះ លេចឮព័ត៌មានថា ម្ចាស់ផ្ទះជួល នឹងបញ្ឈប់ការជួលផ្ទះសម្រាប់ដាក់ស្នាក់ការសាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។តាមប្រភពច្បាស់ការបានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៦ធ្នូនេះថា ម្ចាស់ផ្ទះជួល នឹងបញ្ឈប់ការជួលផ្ទះសម្រាប់ដាក់ទីស្នាក់ការសាលាសង្កាត់ និងស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ នាថ្ងៃខាងមុខនេះ។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ៣ បានឲ្យដឹងថា ទីស្នាក់ការសាលាសង្កាត់ និងស្នាក់ការរដ្ឋបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ គឺបានជួលផ្ទះល្វែងរបស់ប្រជាពលរដ្ឋយកធ្វើទីស្នាក់ការ បន្ទាប់ពីបំបែកសង្កាត់រួចមករយៈពេល២ឆ្នាំមកហើយ។ ប៉ុន្តែប្រជាពលរដ្ឋលោកឆ្ងល់ថា ដីទំនេររបស់រដ្ឋមិនអត់ទេ ដូចជាម្តុំលូប្រាំនេះ ហេតុអ្វីមិនធ្វើការសាងសង់សម្រាប់ធ្វើទីស្នាក់ការ ម្ដេចបានទៅជួលផ្ទះល្វែងរបស់ប្រជាពលរដ្ឋធ្វើទីស្នាក់ការទៅវិញ ហើយបើសិនយកថ្លៃជួលផ្ទះមកសាងសង់ទីស្នាក់ការទាំង២ខាងលើមិនបានទេអី។
ទាក់ទិនទៅនឹងការបញ្ឈប់ការជួលផ្ទះសម្រាប់ធ្វើទីស្នាក់ការនេះ លោកវរសេនីយ៍ត្រី ឯម ភារី នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី៦ធ្នូនេះថា ព័ត៌មាននេះពិតជាត្រឹមត្រូវ ព្រោះទីស្នាក់ការប៉ុស្តិ៍សព្វថ្ងៃ គឺជួលពីប្រជាពលរដ្ឋយកមកធ្វើស្នាក់ការប៉ុស្តិ៍សម្រាប់ដំណើរការបម្រើប្រជាពលរដ្ឋ ហើយថ្មីៗនេះ ម្ចាស់ផ្ទះជួល គេនឹងមកបញ្ចប់កុងត្រាជួលផ្ទះនេះហើយ។ ដូច្នេះ លោកក៏ពុំដឹងថា ត្រូវរុះរើទៅនៅឯណាដែរ គឺមានតែថ្នាក់លើទេ ដែលអាចសម្រេចបាន។ដោយឡែក ប្រជាពលរដ្ឋវិញ កំពុងព្រួយបារម្ភពីបញ្ហាសន្តិសុខក្នុងមូលដ្ឋាន ខណៈដែលនគរបាលគ្មានទីស្នាក់ការនោះ៕
អត្ថបទ៖ កម្ពុជាថ្មី