ចម្រូងចម្រាស់និងបន្ថែមកំដៅរិះគន់ ក្រោយមន្ត្រីពេទ្យនិងប្រធានមន្ទីរសុខាភិបាលបំភ្លឺខុសគ្នាពីករណីស្ត្រីម្តាយ និងទារកបានស្លាប់ ព្រោះត្រូវដេញចេញពីពេទ្យរដ្ឋ ព្រោះគ្មានលុយបង់ថ្លៃហិរញ្ញប្បទានចំនួន៦០ម៉ឺនរៀល និងគ្មានឈាមផ្តល់នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី។
មន្ត្រីពេទ្យ (គ្រូពេទ្យ ពេទ្យឆ្មប អ្នកពាក់ព័ន្ធនិងករណីស្ត្រីម្តាយនិងទារកដែលស្លាប់នោះ) កាលពីថ្ងៃទី៨ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែចេញមកបំភ្លឺដល់សាធារណៈជនថា គោលការណ៍របស់មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ត្រូវផ្ដល់សេវាពិនិត្យនិងព្យាបាលគ្រប់ប្រជាជនទាំងអស់ជាមុន ទើបឲ្យបង់សេវាតាមក្រោយ ឬឲ្យបង់លុយតាមក្រោយ។ ករណីបើអ្នកជំងឺគ្មានលទ្ធភាពបង់ ក៏នៅមានមូលនិធិសមធម៌ និងការអនុគ្រោះរបស់មន្ទីរពេទ្យថែមទៀតផង។
ប៉ុន្តែករណីស្ត្រីឈ្មោះ អ៊ិញ ចាន់មុំ អាយុ ២៦ឆ្នាំ លំនៅភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ(នៅក្បែរមន្ទីរពេទ្យ) មានផ្ទៃពោះគ្រប់ខែត្រូវសម្រាលកូនទី២ បានចូលមកសម្រាកពេទ្យពីម៉ោង៩និង១០នាទីព្រឹក នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ។ ដោយសារជ្រាបទឹកភ្លោះមុនឈឺពោះសម្រាលកូន ស្ត្រីនោះបានឈឺចង្កេះធ្ងន់មកក្រោម។
ហើយយូរៗម្ដង មានរំអិលលាយឈាមតិចៗ។ ស្ដ្រីមានប្រវត្ដិកើតកូនមុនមិនធម្មតា និងកូនលើកនេះមានធ្លាក់ឈាមតិចតួចរយៈពេល២ថ្ងៃ។ នៅពេលមានផ្ទៃពោះ៧ខែ លុះពេលល្ងាច ក៏មានធ្លាក់ឈាមនិងឈឺពោះតិចតួចដដែល។ គ្រូពេទ្យបានមើលអេកូសាស្ត្រឃើញថា មានសុកពាំងមាត់ស្បូន។
បន្ទាប់ពីការពិនិត្យរបស់គ្រូពេទ្យរួច បានផ្ដល់ការណែនាំទៅដល់អ្នកជំងឺ និងម្ដាយរបស់ស្ត្រីនោះថា ស្ដ្រីត្រូវសម្រាលកូនដោយការវះកាត់។ ក្រោយពីការស្ដាប់ការពន្យល់របស់គ្រូពេទ្យរួចមក ស្ដ្រី និងម្ដាយរបស់គាត់បានសម្រេចចិត្ដផ្ដិតមេដៃ លើកិច្ចសន្យាសម្រាលកូនដោយវះកាត់។ ប៉ុន្ដែបន្ទាប់មកទៀតស្ដ្រីបានប្ដូរចិត្ដ គឺចង់ទៅសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផាខេត្ដសៀមរាបវិញ។ ដោយមានការបារម្ភពីសុវត្ថិភាពម្ដាយ និងទារក ក៏ដូចជាយោងតាមស្ថានភាពរបស់ស្ដ្រីនោះធម្មតា គ្រូពេទ្យបានណែនាំឲ្យឡានពេទ្យប្រចាំការនៅក្នុងមន្ទីរដឹកបញ្ចូនស្ត្រីនោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។
ប៉ុន្ដែគាត់ក៏បានជ្រើសរើសមធ្យោបាយធ្វើដំណើរ ដោយខ្លួនឯងទៅវិញ ទើបហៅរថយន្តឈ្នួលមកជិះទៅមន្ទីរពេទ្យគន្ធរបុប្ផា សៀមរាប។ តែដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវស្លាប់ទាំងម្តាយទារកក្នុងផ្ទៃ ។
ជាប្រតិកម្ម សាធារណៈជន ម្តាយនៃសពស្ត្រីបានថ្កោលទោសចំពោះការបំភ្លឺនេះ ហើយថាជាចេតនាគេចវេះពីការទទួលខុសត្រូវចំពោះអាយុជីវិតប្រជាពលរដ្ឋនិងក្រមសីលធម៌វិជ្ជាជីវៈពេទ្យនិងបំភ្លៃការពិត ហើយកាន់តែអាក្រក់ជាងនេះ ដោយមិនត្រឹមតែមិនសមានចិត្តអាណិតអាសូរនរងគ្រោះទេ តែបែរជាបង្កើតការទម្លាក់កំហុសជាប្រព័ន្ធដាក់ជនរងគ្រោះដែលជាជនក្រីក្រនិងល្ងឹតល្ងង់ថែមទៀត។
លោកវេជ្ជបណ្ឌិត ចន្ទ វិឌ្ឍីណាវុធ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្កលបូរីប្រាប់កាសែតរស្មីកម្ពុជាថា ៖ លោកបាននៅក្រៅសមត្ថកិច្ចស៊ើបអង្កេ ព្រោះក្នុងពេលកើតករណីនេះ លោកជាប់បេសសសកម្មទៅខេត្តកំពង់ចាម។
ទោះយ៉ាងណាលោកសូមរំលែកទុក្ខ សោកស្តាយចំពោះជនរងគ្រោះនិងក្រុមគ្រួសារ។ ជាងនេះទៅទៀត លោកក៏ឈឺចិត្តដែលរឿងបែបនេះបានកើតឡើងក្នុងមន្ទីរពេទ្យ ដែលបាននិងកំពុងខិតខំផ្តល់សេវាសុខភាព និងកសាងបានស្នាដៃល្អមួយនេះ ។
ចំណែកគ្រូពេទ្យ ពេទ្យឆ្មប ដែលទួលខុសត្រូវអំឡុងស្ត្រីរងគ្រោះទៅសម្រាលកូន កាសែតរស្មីកម្ពុជាព្យាយាមសុំការបំភ្លឺ ប៉ុន្តែពួកគាត់មិនសហការឡើយ។ ស្រដៀងគ្នាដែរ លោកចក្ចុបណ្ឌិត ទុ បារាំង ប្រធានស្តីទីមន្ទីរពេទ្យនេះ ក៏មិនអាចបំភ្លឺបាន ដូចលោក ឡេ ច័ន្ទសង្វាត អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំមន្ត្រីអធិការកិច្ចសុខាភិបាលចុះអង្កេតករណីនេះដែរ។
ប៉ុន្តែលោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពូជាថា កំហុសនាំឲ្យស្លាប់ស្ត្រីនិងទារកនេះ ជាកំហុសវិជ្ជាជីវៈរបស់គ្រូពេទ្យ ពេទ្យឆ្មប និងអ្នកគ្រប់គ្រង់តាមផ្នែក និងកម្រិតនៃមន្ទីរពេទ្យនេះ។ ហើយការពិតឬអ្វីៗ គឺដូចស្ត្រីជាម្តាយនៃស្ត្រីរងគ្រោះបាននិយាយក្នុងបណ្តាញសង្គម ដែលថា ពេទ្យទារលុយហិរញ្ញប្បទានមុន ពិនិត្យព្យាបាល វះកាត់។ ហើយពេទ្យថា អត់ឈាមតែម្តង បើសិនជាត្រូវវះកាត់មែននោះ។
លោកបន្តថា ករណីនេះ អ្នកជំងឺរងគ្រោះនិងម្តាយជនរងគ្រោះ ក៏មានកំហុសដែរ តែតិចជាងគ្រូពេទ្យទេ ព្រោះអ្នកជំងឺស្ថិតគ្រាអាសន្ន ហើយល្ងឹតល្ងង់និងក្រីក្រទៀត។ ដូច្នេះ ការសម្រេចជោគវាសនាស្ថិតលើគ្រួពេទ្យហ្នឹងឯង។ពោលគឺបើកុំតែអោយអ្នកជំងឺចេញពីមន្ទីរពេទ្យក្នុងស្ថានភាពគ្រោះថ្នាក់ ហើយដឹកតាមឡានឈ្នួលដែលខុសគោលការណ៍ ទោះជាអ្នកជំងឺស្លាប់ក្នុងមន្ទីរពេទ្យដែលពិនិត្យ ព្យាបាល វះកាត់ដោយយកចិត្តទុកដាក់ ក៏ល្អមើលនិងអស់ចិត្តដែរ។
យោងប្រភពពីមន្ទីរសុខាភិបាលខេត្ត និងសាលាខេត្តបន្ទាយមានជ័យ ឲ្យកាសែតរស្មីកម្ពុជាថា របាយការណ៍អធិការកិច្ចរឿងនេះ បានបញ្ជូនដល់ក្រសួងសុខាភិបាលហើយ ដើម្បីសុំសេចក្តីសម្រេចផ្នែកបច្ចេកទេស។ ហើយក៏បញ្ជូនដល់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដើម្បីសម្រេចខាងការដកឬដាក់មន្ត្រី៕
អត្ថបទ៖ រស្មីកម្ពុជា