អភិបាលខណ្ឌទួលគោក លោក ឯក ឃុនឌឿន បានបញ្ជាក់ប្រាប់សារព័ត៌មាន Click News នៅថ្ងៃទី ១១ ខែធ្នូនេះថា អាជ្ញាធរខណ្ឌ បានចុះត្រួតពិនិត្យ និងបិទទីតាំងអាជីវកម្មមួយចំនួនដែលបង្កប់ល្បែងភ្នាល់ និងកន្ទុយលេខ។
បើតាមការបញ្ជាក់ពី លោក ឯក ឃុនឌឿន បានឱ្យដឹងថា ល្បែងកន្ទុយលេខ ឬហៅថា ឆ្នោត មានឆ្នោតខ្មែរ ដែលមានច្បាប់ និងឆ្នោតដទៃទៀតដែលឥតច្បាប់ ហើយដែលអាជ្ញាធរ នឹងត្រូវបន្តចុះត្រួតពិនិត្យ និងបិទអាជីវកម្មខុសច្បាប់ទាំងនោះ។
លោកអភិបាលខណ្ឌ បានបន្តទៀតថា រយៈពេលពេលចុងក្រោយនេះ អាជ្ញាធរខណ្ឌ បានចុះបិទទីតាំងល្បែងភ្នាល់ ១ទីតាំង ក្នុងរូបភាព ណេត២៤ ម៉ោង និងត្រួតពិនិត្យ ៩ ទីតាំងទៀត ដោយសង្ស័យថា ពាក់ព័ន្ធនឹងល្បែងស៊ីសង។ លោក សង្កត់ធ្ងន់ថា មិនអនុញ្ញាតឱ្យមានល្បែងភ្នាល់ក្នុងខណ្ឌលោកឡើយ។
សូមបញ្ជាក់ថា បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ បានឱ្យដឹងថា នៅជុំវិញផ្សារសាមគ្គីសង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក សុទ្ធតែតុ កត់ឆ្នោតយួន ដាក់តំរៀបគ្នាជាហូរហែរ ដើម្បីបម្រើដល់ក្រុមអ្នកញៀនល្បែងមួយចំនួន ដែលនិយមលេងឆ្នោតយួននេះ៕
អត្ថបទ ៖ Clicknews