បុរសចិត្តស្លុយអត់ការងារធ្វើត្រឹមត្រូវ ទៅស្ដីដណ្ដឹងកូនគេខឹងគេមិនលើកកូនឲ្យ ដល់អ្នកក្រោយចូលស្ដីតាមក្រោយបានសម្រេចខាងស្រីព្រមលើកកូនឲ្យត្រឹមត្រូវតាមច្បាប់ប្រពៃណី បង្កឲ្យភាគីចូលដណ្ដឹងមុនមានការក្ដៅក្រហល់ក្រហាយក្នុងចិត្ដ ទាញកាំបិតជិះម៉ូតូជិះទៅរកកាប់ជនរងគ្រោះជាគូរប្រជែងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរខណៈ ជនរងគ្រោះកំពុងអង្គុយលើគ្រែសាសងគ្នាជាមួយគូរដណ្ដឹងរបស់ខ្លួននិយាយពីថ្ងៃរៀបការដែលខិតជិតចូលមកដល់ឆាប់ៗខាងមុខនេះ ។
ករណីនេះបានកើតឡើងកាលពីពេលថ្មីៗនេះ ស្ថិតក្នុងភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
អាជ្ញាធរបានដាក់ការសង្ស័យជំហានដំបូង គឺផ្ដើមចេញពីរឿងគំនុំព្រោះជនសង្ស័យធ្លាប់ចូលស្ដីដណ្ដឹងនាងមិនបានហើយក្រោយមកជនរងគ្រោះបានចូលស្ដីដណ្ដឹងបាន ទើបជនសង្ស័យខឹងបានជិះម៉ូតូដៃកាន់កាំបិត រួចជិះម៉ូតូទៅកាប់ ជនរងគ្រោះ ដោយមិនដឹងខ្លួន ដែលកំពុងអង្គុយជជែកគ្នាលេងជាមួយគូដណ្ដឹងក្រោមផ្ទះ ចំក្បាលបណ្ដាលឱ្យរងរបួ សធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះមានឈ្មោះ ឡាយ សៀកឡា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (របួសធ្ង ន់ មានស្នាមមុតចំនួន ២កន្លែងចំក្បាលចំនួន១កន្លែង និងចំកខាងស្តាំចំនួន១កន្លែង) ។ ចំណែកជនសង្ស័យឈ្មោះ ដេវ សីហា(ហៅខ្លុក) ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានអង្គុយលេងលើគ្រែជជែកពីគម្រោងរៀបការ ជាមួយគូដណ្តឹងស្រាប់តែជនសង្ស័យ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ ១២៥ ស៊េរីឆ្នាំ ២០១៤ មិនចាំស្លាកលេខមកឈប់មុខផ្ទះចំណុចកេីតហេតុ។បន្ទាប់មកបានយកកាំបិតមកកាប់លើជនរងគ្រោះទាំងកម្រោល បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ រួចហេីយជនសង្ស័យបានជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ។
បើយោងទៅតាមប្រភពពីបុរសឈ្មោះ ឡាយ សៀកឃុន ត្រូវជាបងប្រុសរបស់ជនរងគ្រោះផ្ទាល់ បានអះអាងថា ជនសង្ស័យមានគំនុំជាមួយជនរងគ្រោះដោយសារជនសង្ស័យកន្លងមកធ្លាប់ ចូលស្ដីនារីជាគូដណ្ដឹងរបស់បុរសរងគ្រោះមិនបានហើយជនរងគ្រោះចូលក្រោយស្ដីដណ្ដឹងបាន រហូតរៀបចំពិធីភ្ជាប់ពាក្យរួចរាល់ទៀតផង។ដោយលោកបានសរសេររៀបរាប់នៅក្នុងអាខោនហ្វេសប៊ុករបស់ខ្លួន ថា «អាណិតប្អូនប្រុស សៀកឡាណាស់ ជិតដល់ថ្ងៃរៀបការហើយ ត្រូវគេប៉ងលួចសម្លាប់ ឥឡូវរងរបួសធ្ងន់ណាស់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត។
សូមប្អូនបានសះស្បើយ។ សូមអជ្ញាធរមានសមត្តកិច្ចតាមចាប់ជនល្មើសមកកាត់ទោសតាមច្បាប់ឲ្យបាន។ ប្អូនប្រុសជាមនុស្សស្លូតត្រង់មិនដែលមានជម្លោះជាមួយនរណាទេ។ ជនល្មើសចូលស្ដីដណ្ដឹងគេមិនបាន ក៏មានកំហឹងប៉ងសម្លាប់អ្នកដែលចូលស្ដីក្រោយ»។ករណីនេះកម្លាំងជំនាញកំពុងស្វែងរកចាប់ខ្លួន ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕
អត្ថបទ៖ PN