យុវតីម្នាក់ធ្លាប់បានចេញបាត់ពីផ្ទះម្តងរួចមកហើយ លុះក្រោយមកក៏សុំម្តាយឈប់រៀន ព្រោះចង់ចូលធ្វើការ ប៉ុន្តែម្តាយមិនព្រមឃើញកូនស្រីនៅក្មេងចង់ឱ្យរៀនសូត្រជ្រៅជ្រះបន្ថែមទៀតសិន ស្រាប់តែធ្វើឱ្យកូនស្រីខឹងចិត្តក៏ចុះចោលផ្ទះបាត់អស់រយៈពេល១២ថ្ងៃ មិនដឹងថាទៅដល់ណា ជាមួយអ្នកណា សុខទុក្ខយ៉ាងណា ទោះជាក្រុមគ្រួសារព្យាយាមតាមស្វែងរកសព្វកន្លែងនៅតែមិនឃើញ ទើបធ្វើឱ្យស្ត្រីជាម្តាយភ័យព្រួយខ្លាចកូនស្រីត្រូវមនុស្សមិនល្អនាំយកទៅធ្វើបាប ក៏ប្រកាសហៅកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។
បើតាមប្រភពពីក្រុមគ្រួសារក្មេងស្រីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា យុវតីដែលបាត់ខ្លួន មានឈ្មោះជួន ចាន់មុន្នីរ័ត្ន អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ នៃវិទ្យាល័យព្រែកឯង និងមានលំនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ប្រភពដដែលបន្តថា យុវតីរូបនេះកន្លងមកធ្លាប់បាត់ខ្លួនម្តងរួចមកហើយ ដោយនាងបានចេញបាត់ពីផ្ទះចំនួន៤ថ្ងៃ ទើបត្រឡប់មកផ្ទះវិញ លុះពេលម្តាយសួរនាំក៏ឆ្លើយថា នាងទៅដើរលេងនៅភ្នំពេញ ទើបម្តាយស្តីបន្ទោសនិយាយអប់រំតិចតួច។ ក្រោយមកយុវតីរូបនោះក៏បាននិយាយប្រាប់ម្តាយថា នាងចង់ឈប់រៀនហើយ ព្រោះចង់ចូលធ្វើការ ឮបែបនេះម្តាយក៏បានស្តីបន្ទោសថាម៉េចមិនគិតខំរៀន នៅក្មេងសោះបែរជាចង់ធ្វើការ។
ប្រភពខាងលើបញ្ជាក់ថា លុះដល់ស្អែកឡើងម៉ោងប្រហែល២ជាងរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ យុវតីខាងលើក៏បានសុំម៉ូតូម្តាយជិះតែម្តាយមិនឱ្យ ដោយគាត់បានប្រាប់ថា គាត់ត្រូវទៅចម្ការក្រោយផ្ទះ ស្រាប់តែយុវតីរូបនេះក៏បានចេញពីផ្ទះបាត់រហូតមកដល់ពេលនេះមានរយៈពេល១២ថ្ងៃទៅហើយ នៅតែគ្មានដំណឹងទាល់តែសោះ ធ្វើឱ្យក្រុមគ្រួសារបារម្ភខ្លាំងណាស់។
ជាពិសេស ម្តាយបាយមិននឹកទឹកមិនស្រេក ព្រោះកូនស្រីនៅក្មេងណាស់ មិនដឹងជាចេញទៅរស់នៅឯណា ជាមួយអ្នកណាសុខទុក្ខយ៉ាងណា ពិសេសបារម្ភខ្លាចជួបមនុស្សមិនល្អនាំយកទៅធ្វើបាប។
ជាមួយនេះ ក្រុមគ្រួសារយុវតីខាងលើបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថតខាងលើ សូមជួយឃាត់ឬផ្តល់ព័ត៌មានទៅសមត្ថកិច្ច និងក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ០៨៧ ៨១ ៣៣ ៦០ និង០៩៧ ៦៦ ២៧ ៤៧២ ដោយក្តីអនុគ្រោះផង៕
អត្ថបទ៖ នគរធំ