តារាសម្តែងនិងពិធីការិនី ថន លក្ខិណា បាននិយាយទាំងតឹងទ្រូងថា នាងមានអារម្មណ៍ច្របូកច្របល់និងខកចិត្តខ្លាំងណាស់នៅពេលដែលក្រុមគោព្រៃកម្ពុជា បានបរាជ័យរបូតមេដាយសំរឹទ្ធ ដោយសារតែខ្សែប្រយុទ្ធឆ្នើមកែវ សុខផេង ស៊ុតបាល់១១ម៉ែត្រ មិនចូលក្រុមភូមា។
លក្ខិណា ប្រាប់ថា អារម្មណ៍នាងមិនល្អទាល់តែសោះពេលដែលឃើញទិដ្ឋភាពបែបនេះ គឺមានការខកចិត្តណាស់ ប៉ុន្តែមិនមែនតែនាងម្នាក់ទេ គឺប្រជាជនទូទាំងប្រទេស ក៏ខកចិត្តដូចជារូបនាងដែរ។
ថន លក្ខិណា ដែលលេចមុខទៅចូលរួមកម្មវិធីខួបកំណើតអ៊ឹម ជីវ៉ា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នោះ វាចាថា “ខ្ញុំមកកម្មវិធីថ្ងៃនេះ អារម្មណ៍មិនសូវល្អសោះ ដោយសារតែតាមដានបាល់ទាត់រហូត ហើយចុងក្រោយយើងចាញ់ក្រុមភូមា ទាំងមិនអស់ចិត្ត។ មិនមែនតែខ្ញុំម្នាក់ទេ ប្រជាជនទូទាំងប្រទេស ក៏គិតដូចខ្ញុំចឹងដែរ”។
នេះមិនមែនជាលើកទី១ឡើយ ដែលថន លក្ខិណា ខកចិត្តដោយសារតែកែវ សុខផេង ព្រោះក្នុងជំនួបជាមួយវៀតណាម បន្ទាប់ពីកម្ពុជា ចាញ់៤ទល់០នោះ នៅចុងម៉ោង កែវ សុខផេង ក៏ប៉េណាំងទីមិនចូលដែរ ទើបធ្វើឱ្យផ្ទុះការរិះគន់ថា សុខផេង ជាកូនវៀតណាម រស់នៅខេត្តក្រចេះ ហើយអ្នកដែលឈឺក្បាលជាងគេ គឺថន លក្ខិណា។
ប៉ុន្តែក្រោយមក លក្ខិណា ក៏បានថ្លែងសារលើកទឹកចិត្ត សុខផេង ថា “កុំយំណា keo Sokpheng”។
គួរបញ្ជាក់ថា ថន លក្ខិណា ជាអ្នកគាំទ្របាល់ទាត់ក្រុមជម្រើសជាតិកម្ពុជា យ៉ាងសកម្មម្នាក់ ដែលរាល់ព្រឹត្តិការណ៍ប្រកួតធំៗ នាងតែងតែទៅចូលរួមលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់កម្ពុជា ទាំងហាលភ្លៀងក៏មានដែរ។
ប៉ុន្តែតាមព័ត៌មានថា លក្ខិណា បានភ្ជាប់ស្នេហ៍ជាមួយកីឡាករ កែវ សុខផេង ទើបទោះជារវល់យ៉ាងណា ក៏នាងត្រូវតែទៅផ្តល់កម្លាំងចិត្តឱ្យខ្សែប្រយុទ្ធម្នាក់នេះដែរ គឺដូចទៅឱ្យថ្នាំកម្លាំងអ៊ីចឹង ដែលសកម្មភាពរបស់នាងដូចគ្នាទៅនឹងអ្នកមេម៉ាយសុខ សោម៉ាវត្តី ដែលជាសង្សាររបស់ខ្សែការពារ លី វ៉ាហេទ ដែរ៕
អត្ថបទ៖ នគរធំ