ជនជាតិវៀតណាមមានគ្នា២នាក់ ចេញពីកាស៊ីណូណាហ្គាវើលជិះម៉ូតូកង់បីឥណ្ឌាត្រឡប់ទៅផ្ទះ ពេលមកតាមផ្លូវត្រូវបានជនជាតិចិនមួយក្រុមមានគ្នា៣នាក់ ប្រដាប់ដោយដាវសាម៉ូរ៉ៃ ជិះរថយន្តម៉ាកស្តារិក ពណ៌ខ្មៅ គ្មានផ្លាកលេខ មកកាក់ប្លន់ រួចគេចខ្លួនបានសម្រេច ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ២៖០៥នាទីរំលងអាធ្រាត្រ ថ្ងៃទី១៣ ខែធ្នូ នៅចំណុចផ្សារទំនើបអ៊ីជៀ តាមបណ្តោយផ្លូវលេខ២៤២ កែងផ្លូវ៥១ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ ជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីអោយសមត្ថកិច្ច តាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ។សម្ភារៈដែលជនរងគ្រោះបាត់បង់ រួមមាន ៖ លុយចំនួន ៤០០ដុល្លារ , ស្មាតហ្វូនមួយគ្រឿង , លិខិតឆ្លងដែន , អត្តសញ្ញាណប័ណ្ណ , និងសម្ភារៈមួយចំនួនទៀត ៕
អត្ថបទ៖ CPC