ជាការហួសចិត្តមួយ ដែលលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែងតែនិយាយ ថា អសមត្ថភាពខ្លួនឯងក្នុងការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ បែរជាមកបន្ទោសអ្នកសារព័ត៌មាន ថា មិនមានឆន្ទៈចូលរួមបង្ក្រាបទៅវិញ ។
នាពេលថ្មីៗនេះ សារព័ត៌មានជាច្រើនបានរួមគ្នាផ្សព្វផ្សាយ ថា នៅជុំវិញផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក សុទ្ធតែតុកត់ឆ្នោតវៀតណាមដាក់តម្រៀបគ្នាជាហូរហែរ ក្រោមការបន្លំភ្នែកថា ជាឆ្នោតខ្មែរស្របច្បាប់ ដែលអាជ្ញាធរ មើលមិនឃើញទាល់តែសោះ ? ។
ប្រជាពលរដ្ឋ រស់នៅទីនោះ បង្ហើបថា ឆ្នោតវៀតណាមខុសច្បាប់ ដែលដាក់តុកត់ជាប់គ្នារដឹកកណ្តាលវាលជុំវិញផ្សារសាមគ្គី នេះ បែរជាអាជ្ញាធរមើលមិនឃើញ និង កំពុងបណ្តែតបណ្តោយអោយមេឆ្នោតសប្បាយកើបលុយខ្ទង់លានរៀលក្នុងមួយថ្ងៃៗ ដោយប្រជាពលរដ្ឋ ដាក់ការសង្ស័យថា អាជ្ញាធរអាចបានទទួលលាភសក្ការៈសើមមាត់ ហើយមើលទៅ បានជាមិនបង្ក្រាបបែបនេះ ? ។
ឆ្លើយតបបញ្ហានេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានបដិសេធការចោទប្រកាន់ នេះ ដោយអះអាងថា អាជ្ញាធរមិនមានការជាប់ពាក់ព័ន្ធនឹងបញ្ហាល្បែងស៊ីសងទាំងនេះទេ ។
ទំនងជាមិនសប្បាយចិត្តផងនោះ លោក ឯក ឃុនដឿន ថ្លែងប្រាប់ CPC NEWS កាលពីថ្ងៃទី១២ ខែធ្នូ ថា បើសិនជាក្រុមអ្នកសារព័ត៌មាន មានឆន្ទៈក្នុងការចូលរួមបង្ក្រាបនោះ គេមិនដែលយកព័ត៌មានទាំងនេះ ទៅផ្សព្វផ្សាយទេ ពោលគឺ អ្នកសារព័ត៌មានត្រូវរាយការណ៍ជាសម្ងាត់មកអាជ្ញាធរ ដើម្បីមានវិធានការបង្ក្រាប ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌទួលគោក បន្តថា អាជ្ញាធរបានចុះបង្ក្រាបហើយ តែមិនឃើញមានបទល្មើស ដូចការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន នោះទេ ។
ទន្ទឹមនេះផងដែរ អ្នកសារព័ត៌មានមួយចំនួន សម្តែងការមិនពេញចិត្តឡើយចំពោះសម្តីរបស់លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ដែលអសមត្ថភាពក្នុងការបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន ដោយខ្លួនឯង បែរជាមកបន្ទោសអ្នកសារព័ត៌មាន មិនមានឆន្ទៈចូលរួមបង្ក្រាបទៅវិញ ។
តួនាទី ជាអ្នកសារព័ត៌មាន គឺ ចូលរួមផ្សព្វផ្សាយព័ត៌មានជូនអាជ្ញាធរ ដើម្បីអោយមានវិធានការ ដោយស្របនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថា “ជាអ្នកសារព័ត៌មាន ជាកញ្ចក់ឆ្លុះសង្គម ជាអ្នកហ៊ានរិះគន់ក្នុងន័យស្ថាបនា”៕
អត្ថបទ៖ CPC